បុរសម្នាក់មកពីផឹកស៊ីស្រវឹងជោកជាំ រួចក៏ខឹងនឹងប្រពន្ធដែលមិនព្រមកោសខ្យល់អោយ ក៏ចាប់វាយបង្ខំប្រពន្ធផ្អើលអស់សមត្ថកិច្ច និងអាជ្ញាធរមកជួយអន្តរាគមន៍ណែនាំភ្លាមៗ
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់មកពីផឹកស៊ីស្រវឹងជោកជាំ រួចក៏ខឹងនឹងប្រពន្ធដែលមិនព្រមកោសខ្យល់អោយ ក៏ចាប់វាយបង្ខំប្រពន្ធផ្អើលអស់សមត្ថកិច្ច និងអាជ្ញាធរមកជួយអន្តរាគមន៍ណែនាំភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ នៅទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះជាប្រពន្ធឈ្មោះ ប៉ៅ សុខខន អាយុ២៩ឆ្នាំ មុខរបរអ្នករត់តុនៅហាងចិន មានស្រុកកំណើតនៅស្រុកបសេធ ខេត្តកំពង់ស្ពឺ។ ចំណែកបុរសជាប្តីឈ្មោះ ប៉េង វិច្ឆិកា អាយុ៣៣ឆ្នាំ មុខរបរអ្នករត់តុជាមួយគ្នា ស្នាក់នៅហាងចិនជាមួយគ្នា ។

តាមប្រភពព័ត៌មានពីស្ត្រីរងគ្រោះបាននិយាយរៀបរាប់ថា ពួកគាត់ទើបតែចាស់ទុំរៀបចំសែនព្រេនរយៈពេលជាង៥ខែប៉ុណ្ណោះ តែប្តីរបស់គាត់បានធ្វើបាបគាត់៣ដងរួចមកហើយ ទាំងដែលពួកគាត់មករស់នៅបំរើការងារជាបុគ្គលិកនៅហាងចិនខាងលើ ដោយសារគាត់ចេះភាសាចិន ចំណែកប្តីគាត់វិញមិនចេះភាសាចិនទេ ។

ស្ត្រីរងគ្រោះបន្តថា ហើយជារៀងរាល់ថ្ងៃ ប្តីរបស់គាត់តែងចោទប្រកាន់ថា គាត់មានទំនាក់ទំនងជាមួយថៅកែជនជាតិចិនផងដែរ ។ ហើយនៅមុនពេលកើតហេតុ ប្តីរបស់គាត់បានទៅខួបកំណើតបងប្អូនសាច់ញាតិរបស់គាត់ លុះត្រឡប់មកវិញបានហូបជាមួយថៅកែជនជាតិចិនបន្ថែមទៀត ហើយគាត់ក៏បានប្រាប់ថា «អត់ស្រួលខ្លួន ម៉េចហូបទៀត» ចំណែករូបគាត់ខឹងក៏ចូលទៅដេកមុនបាត់ទៅ ។

ស្ត្រីរងបន្តថា លុះបន្ទាប់មកប្តីរបស់គាត់បានប្រើអំពើហិ.ង្សាដាក់គាត់ ចាប់បោចសក់ រួចបោកទៅនឹងពូក ហើយចាប់ហែកអាវ ព្រមទាំងបំពានរូបរាងកាយគាត់ដូចមិនមែនប្រពន្ធទៀតផង បន្ទាប់មកប្តីគាត់ក៏បានបោកទ្រព្យសម្បត្តិ មានទូរស័ព្ទ និងអាយផេក ព្រមទាំងសំភារៈមួយចំនួនទៀត ក្រោយមកគាត់ក៏បានរត់មកខាងក្រៅ ។ ហើយគ្រានោះបើបងប្អូនមិនជួយ មើលទៅរូបគាត់ពេលនោះមិនដឹងថា តើប្តីធ្វើបាបគាត់បែបណាទេ?
ដោយឡែកបុរសជាប្តីវិញបាននិយាយថា មិនបានប្រើអំពើហិ.ង្សានោះទេ តែគ្រាន់តែវាយប្រតាយប្រតប់គ្នាតែប៉ុណ្ណោះ ដោយសារតែខឹងប្រពន្ធមិនព្រមកោសខ្យល់ឲ្យ ។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបានប្តឹងទៅអាជ្ញាធរសង្កាត់ ព្រមទាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្លាមៗ ដើម្បីសួរនាំ ។ ហើយជនរងគ្រោះជាប្រពន្ធបានសុំលែង ចំណែកសមត្ថកិច្ចបានអោយពួកគាត់ទាំង២នាក់ប្តីប្រពន្ធនាំគ្នាទៅលែងលះនៅស្រុកកំណើតវិញ ។ បន្ទាប់មកពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធក៏បាននាំគ្នាទៅដេកបាត់ទៅ ដើម្បីរង់ចាំនាំគ្នាទៅលែងលះនៅស្រុកកំណើត ៕

