ប្រទេសចិនបំពេញបន្ថែមកម្លាំងចលករបៃតង សម្រាប់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា
(ប៉េកាំង)៖ នៅពេលមុននេះមិនជាយូរប៉ុន្មាន ប្រទេសចិនបានប្រកាសថា នឹងខិតខំឲ្យសម្រេចការកាត់បន្ថយបរិមាណបញ្ចេញកាបូន បន្ទាប់ពីឡើងដល់ចំណុចកំពូលនៅមុនឆ្នាំ ២០៣០ និងអព្យាក្រឹត្យភាពកាបូននៅឆ្នាំ ២០៦០ ហើយនឹងគាំទ្រដល់ការអភិវឌ្ឍបៃតង និងកាបូនទាបរបស់ប្រទេសកំពុងអភិវឌ្ឍន៍។ ក្នុងនាមជាប្រទេសជិតខាងល្អ មិត្តល្អ និងដៃគូល្អរបស់កម្ពុជា គោលដៅកាត់បន្ថយការបញ្ចេញកាបូនទាំងពីររបស់ចិន នឹងនាំមកនូវកាលានុវត្តភាពថ្មី ដល់ការអភិវឌ្ឍថាមពលស្អាតរបស់កម្ពុជា ដែលនឹងផ្តល់កម្លាំងចលករបៃតង សម្រាប់ការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ បន្ទាប់ពីបញ្ចប់ជំងឺកូវីដ១៩។

ភាគីចិនបានលើកទឹកចិត្តសហគ្រាសចិន ឲ្យបន្តបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យថាមពលជាមួយភាគីកម្ពុជា និងជួយជំរុញការធ្វើអោយប្រសើរឡើង នូវរចនាសម្ព័ន្ធឧស្សាហកម្ម ដើម្បីរួមគ្នាជំរុញការស្តារឡើងវិញប្រកបដោយតុល្យភាព បៃតង និងជានិរន្តរភាពនៃសេដ្ឋកិច្ចសកល។
ចាប់តាំងពីឆ្នាំ ២០០៧ មក ដើម្បីឆ្លើយតបនឹងកង្វះខាតក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនី រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តយ៉ាងសកម្ម នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ថាមពលអគ្គិសនីជាអាទិភាព ជំរុញកិច្ចកសាងផ្នែកថាមពលអគ្គិសនីយ៉ាងពេញទំហឹង។ សហគ្រាសចិនបានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍថាមពលអគ្គិសនីរបស់កម្ពុជា ព្រមទាំងជំរុញអោយថាមពលកម្ពុជា ផ្លាស់ប្តូរទៅជារូបមន្តអភិវឌ្ឍន៍បៃតង។

គិតរហូតមកទល់ដំណាច់ឆ្នាំ ២០២០ សហគ្រាសចិនបានសាងសង់ និងដាក់អោយដំណើរការស្ថានីយវារីអគ្គីសនីចំនួន ១០ ស្ថានីយអគ្គីសនីដើរដោយថាមពលធ្យូងថ្មមួយ និងស្ថានីយអគ្គីសនីដើរដោយប្រេងឥន្ធនៈធុនធ្ងន់ចំនួន ២។ បរិមាណដំឡើងលើសពី ៧០%
នៃបរិមាណចំឡើងសរុបនៅទូទាំងប្រទេសកម្ពុជា បរិមាណផ្សាយអគ្គិសនីត្រូវជា ៨០,៣% នៃបរិមាណបញ្ចូលប្រព័ន្ធថាមពលអគ្គិសនីក្នុងឆ្នាំ ២០២០។

នាខែធ្នូ ឆ្នាំ២០២០ ក្នុងនាមជាស្ថានីយវារីអគ្គិសនី ដែលបានសម្រេចការផ្សាយអគ្គិសនី ដោយលើសពីចំនួនកំណត់ក្នុងឆ្នាំផ្ទុះជំងឺឆ្លង ស្ថានីយវារីអគ្គិសនីតាតៃទទួលបានរង្វាន់ឆ្នើម ខាងការផ្សាយអគ្គិសនីពីអគ្គិសនីកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានវាយតម្លៃខ្ពស់ ចំពោះគម្រោងនេះថា ស្ថានីយវារីអគ្គិសនីតាតៃមិនត្រឹមតែមានអំណោយផល ដល់ការបង្ការគ្រោះទឹកជំនន់ប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ឱកាសការងារ និងលើកកម្ពស់ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋក្នុងតំបន់ បង្កើនសមត្ថភាពផ្គត់ផ្គង់ថាមពលអគ្គិសនី និងសន្តិសុខផ្នែកផ្គត់ផ្គង់ថាមពលអគ្គិសនី ក៏ដូចជាបញ្ចុះថ្លៃអគ្គិសនីរបស់កម្ពុជាទៀតផង ពោលគឺបានដើរតួនាទីសំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលុបបំបាត់ភាពក្រីក្រនៅកម្ពុជា។

១៥ឆ្នាំកន្លងទៅ ល្បឿនកំណើនសេដ្ឋកិច្ចកម្ពុជាគិតជាមធ្យមក្នុងមួយឆ្នាំ គឺប្រហែល ៧% ចំណែកតម្រូវការចំពោះថាមពលអគ្គិសនីត្រូវជា ២-៣ ដងនៃល្បឿនកំណើនសេដ្ឋកិច្ច។ កង្វះខាតថាមពលបានក្លាយជាបញ្ហាប្រឈមដ៏សំខាន់ នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។ ការវិនិយោគនិងការកសាងរបស់សហគ្រាសចិន បានបន្ធូរបន្ថយយ៉ាងខ្លាំងនូវបញ្ហាកង្វះខាតថាមពលរបស់កម្ពុជា ហើយក៏បានផ្តល់ការធានាយ៉ាងខ្លាំង ដល់ការស្តារសេដ្ឋកិច្ចឡើងកវិញបន្ទាប់ពីបញ្ចប់ជំងឺកូវីដ ១៩ផងដែរ។ អ្នកទទួលខុសត្រូវនៃអគ្គិសនីកម្ពុជាបានវាយតម្លៃថា នៅលើផ្លូវអភិវឌ្ឍន៍ថាមពលថ្មី នាពេលអនាគតរបស់កម្ពុជា ប្រទេសចិននឹងបន្តដើរតួនាទីដ៏សំខាន់ដដែល៕
