Man Utd ដកសិទ្ធិភាពជាម្ចាស់ឧបត្ថម្ភ របស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Aeroflot
(មេនឆេស្ទើ)៖ ក្លិបបាល់ទាត់ Manchester United បានចែកផ្លូវជាមួយម្ចាស់ឧបត្ថម្ភរបស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Aeroflot ចេញ បន្ទាប់ពីរុស្ស៊ី ឈ្លានពានអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់ពីក្លិបដែលលេងនៅលីគកំពូលអង់គ្លេស Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រុមហ៊ុន Aeroflot របស់រុស្ស៊ី ត្រូវបានហាមឃាត់ក្នុងការហោះហើរទៅកាន់ចក្រភពអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បន្ទាប់ពីប្រធានាធិបតី Vladimir Putin បានចេញបញ្ជាបើកការឈ្លានពានលើទឹកដីអ៊ុយក្រែន។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលអង់គ្លេសបានលើកឡើងថា ខ្លួនបានផ្អាកការអនុញ្ញាត ឲ្យមានការហោះហើររបស់ក្រុមហ៊ុន Aeroflot ដែលមកពីរុស្ស៊ី។
«ក្នុងព្រឹត្តិការណ៍ដែលកើតមាននៅអ៊ុយក្រែន យើងបានដកសិទ្ធិភាពជាម្ចាស់ឧបត្ថម្ភរបស់ក្រុមហ៊ុន Aeroflot។ យើងសម្តែងការព្រួយបារម្ភ ចំពោះអ្នកគាំទ្ររបស់យើងនៅជុំវិញពិភពលោក និងចូលរួមរំលែកទុក្ខ ចំពោះអ្នកដែលរងផលប៉ះពាល់» នេះបើតាមអ្នកនាំពាក្យមួយរូបរបស់ក្លិប បានលើកឡើង។

ក្លិប United បានផ្តល់ឲ្យក្រុមហ៊ុន Aeroflot ធ្វើជាអ្នកម្ចាស់ឧបត្ថម្ភរបស់ខ្លួនក្នុងឆ្នាំ២០១៣ នៅពេលដែលក្រុមហ៊ុន បានក្លាយជាដៃគូអាកាសចរណ៍របស់ក្លិប ដែលជំនួសក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines។
រុស្ស៊ី បានរងការថ្កោលទោសដោយសារការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន ដោយបណ្តាស្ថាប័នកីឡាជាច្រើន ហើយនៅថ្ងៃសុក្រនេះ រុស្ស៊ី បានបាត់បង់សិទ្ធិជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League នៅខែឧសភាខាងមុខ ស្របពេលដែលអ្នករៀបចំព្រឹត្តិការណ៍ Formula One បានលើកឡើងថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត Grand Prix នៅទីក្រុង Sochi មិនអាចធ្វើទៅបានតាមការគ្រោងទុកនោះទេ៕

