សមត្ថកិច្ចចុះឆែកឆេរលំនៅដ្ឋានពាក់ព័ន្ធករណី លួចម៉ូតូ រកឃើញម៉ូតូ០៨គ្រឿង និងស្លាកលេខ១៨បន្ទះនៅខណ្ឌមានជ័យ ….
រាជធានីភ្នំពេញ ៖ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ និងកម្លាំងការិយា ល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះឆែកឆេរលំនៅដ្ឋានផ្ទះលេខ ២២០B ផ្លូវលេខ៦៣ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៦និង០០នាទី ដោយបានការឯកភាពពីលោក ប្លង់ សុផល និង លោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រកឃើញចំនួនម៉ូតូ៨គ្រឿង និងស្លាកលេខ១៨បន្ទះ។
តាមរបាយការណ៍បានឲ្យដឹងថា ម្ចាស់ផ្ទះមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ ពាក់ព័ន្ធករណីអំពើលួច (យកម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HM 3515 ) របស់ជនរងគ្រោះឈ្មោះ ថុល ប៊ុនធឿន ភេទប្រុស កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១០និង១៥នាទី នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ក្នុងការឆែកឆេរសមត្ថកិច្ច បានចាប់យកវត្ថុតាងមួយចំនួនរួមមាន ៖ ម៉ូតូចំនួន០៨គ្រឿង (ម៉ាកសេ១២៥ចំនួន០៦គ្រឿង ក្នុងនោះ របស់ជនរងគ្រោះឈ្មោះ ថុល ប៊ុនធឿន ចំនួន០១គ្រឿង, ម៉ាកធូដេចំនួន០១គ្រឿង ,ម៉ាកស៊ុបភឺគប់ចំនួន០១គ្រឿង), ស្លាកលេខម៉ូតូចំនួន១៨បន្ទះ , ឧករណ៍សម្រាប់កាច់សោរកម៉ូតូចំនួន០១, សោរសម្រាប់ដោះគ្រឿងបន្លាស់ម៉ូតូមួយចំនួន និង ឯកសារមួយចំនួនទៀត ។
ចំពោះវត្ថុតាងចាប់យកខាងលើ
បានប្រគល់ឲ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅចាត់ការបន្តតាមនីតិវិធី ។
ការឆែកឆេរបានបញ្ចប់នៅវេលាម៉ោង១៨នម៉ោង១៨និង០០នាទីនាថ្ងៃខែឆ្នាំដដែល៕



