សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា……
រាជធានីភ្នំពេញ ៖ ក្នុងឱកាសពិធីចម្រើនព្រះជន្មព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ដែលនឹងមកដល់នៅថ្ងៃទី ១៤ ឧសភាឆ្នាំ ២០២០ នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិត ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។
សារលិខិតចុះថ្ងៃទី ១២ ឧសភាឆ្នាំ២០២០នេះ មានខ្លឹមសារថា បពិត្រព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៧យាងចូល៦៨ ព្រះវស្សារបស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ខ្ញុំម្ចាស់និងសហការី នៃកាកបាទក្រហមកម្ពុជាគ្រប់លំដាប់ថ្នាក់សូមព្រះបរមរាជានុញ្ញាត លំអោនកាយវាចាចិត្តថ្វាយនូវព្រះសព្វសាធុការពរ បវរសួស្ដីសិរីវឌ្ឍនា មហាប្រសើរសូមព្រះករុណាថ្លៃវិសេសទ្រង់ស្ដេចមានព្រះរាជសុខភាពល្អពេញលេញព្រះពលានុភាពមាំមួនក្លៀវក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះទីឃាយុយឺនយូរដល់រយព្រះវស្សា ដើម្បីទ្រង់ស្ដេចគង់ប្រថាប់គ្រងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដល់ប្រជានុរាស្ត្ររបស់ព្រះអង្គទូទាំងព្រះរាជាណាចក្រកម្ពុជាជ្រកកោនត្រជាក់ត្រជំសុខដុមរមនា ជាភិយ្យោ ភាពអស់កាលដ៏យូរអង្វែងរៀងដរាបតទៅ។
ស្ថិតក្នុងព្រះបរមរាជវរោកាសប្រកបដោយបេតិសោមនស្សរីករាយជាអតិបរមានេះខ្ញុំម្ចាស់និងសហការីនៃកាកបាទក្រហមកម្ពុជាគ្រប់រូប សូមប្ដេជ្ញាចិត្តប្រកបដោយឆន្ទៈមនសិការមោះមុតដង្ហែតាមព្រះរាជវីរគំរូព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតគ្រប់កាលៈទេសៈ ដែលទ្រង់ស្ដេចយាងបំពេញព្រះរាជបូជនីយ កិច្ចបម្រើឧត្តមប្រយោជន៍ជាតិសាសនា តាមព្រះរាជលំអានដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រមទាំងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្ដីថ្លៃថ្នូរ និងសុភមង្គលប្រកបដោយព្រះទសពិធរាជធម៌ព្រះព្រហ្មវិហារធម៌ និងព្រះមនុស្សធម៌ដ៏ផូរផង់ត្រចះត្រចង់ជានិច្ចនិរន្តរ៍។
ជាថ្មីម្ដងទៀតខ្ញុំម្ចាស់និងសហការី សូមលំឱនកាយវន្ទាឧទ្ទិសបួងសួងដល់វត្ថុសក្កិសិទ្ធិទាំងអស់ក្នុងលោកដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រយានីខ្មែរគ្រប់ៗជំនាន់ ទេវតារក្សាព្រះស្វេតឆ័ត្រ ទេវតារក្សាឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ពិសេសព្រះបារមីព្រះបរមរូប សម្ដេចព្រះនរោត្ដមសីហនុ ព្រះរាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈ សូមបន្តអភិបាលគងរក្សា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។
សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈទ្រង់ប្រោសព្រះរាជមេត្តា ទទួលនូវអភិវន្ទនកិច្ចនិងកតញ្ញូកតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំម្ចាស់៕


