បំផ្ទុះគ្រាប់បែកក្នុងព្រះវិហារមួយផ្តាច់ជីវិតមនុស្សអស់ជាង៥០នាក់
មានការបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងព្រះវិហារអ៊ីស្លាមមួយកន្លែងស្ថិតក្នុងទីក្រុង Kunduz ប្រទេសអាហ្វហ្គានីស្ថាន បណ្តាលឲ្យមនុស្សយ៉ាងតិច៥០នាក់ស្លា.ប់ និងជាង១០០នាក់រងរបួស។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ BBC កាលពីយប់ថ្ងៃសុក្រម្សិលមិញនេះ។
សាកសពជនរងគ្រោះជាច្រើន ត្រូវបានគេប្រទះឃើញខ្ចាត់ខ្ចាយនៅក្នុងព្រះវិហារ Said Abad ដែលជាកន្លែងគោរពបូជារបស់សហគមន៍ជនជាតិភាគតិចអ៊ិស្លាម Shia។

ក្រុមរដ្ឋអ៊ីស្លាម (IS) បាននិយាយថា ពួកគេជាអ្នកនៅពីក្រោយការវាយប្រហារដ៏កក្រើកនោះ ។ ក្រុមអ៊ីស្លាមជ្រុលនិយម Sunni បានធ្វើការវាយប្រហារជាច្រើនដង ទៅលើក្រុមអ៊ីស្លាម Shia ដែលពួកគេមើលឃើញថា ជាក្រុមប្រកាន់ពូជសាសន៍។
ក្រុមរដ្ឋអ៊ីស្លាម IS-K ដែលជាសម្ព័ន្ធនៃក្រុមអ៊ីស្លាម IS បានធ្វើការវាយប្រហារដោយគ្រាប់បែកជាច្រើនដង កាលពីពេលថ្មីៗនៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន។ ក្រុមនេះ ប្រឆាំងទៅនឹងការដឹកនាំរបស់ក្រុមតាលីបង់។
បើតាមសេចក្តីរាយការណ៍ មានអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានបំផ្ទុះខ្លួនឯងខណៈដែលអ្នកគោរពបូជាបានប្រមូលផ្តុំគ្នានៅក្នុងព្រះវិហារសម្រាប់ការអធិស្ឋាននៅថ្ងៃសុក្រ។
បើតាមការដកស្រង់សម្តីពីមន្ត្រីក្នុងតំបន់បានឲ្យដឹងថា មានមនុស្សជាង៣០០នាក់ កំពុងចូលរួមក្នុងពិធីអធិស្ឋាននៅពេលការវាយប្រហារបានកើតឡើង។

សូមបញ្ជាក់ថា វាគឺជាការវាយប្រហារដ៏ធំមួយក្នុងចំណោមការវាយប្រហារធំៗជាច្រើននៅក្នុងប្រទេសអាហ្វហ្គានីស្ថានចាប់តាំងពីកងកម្លាំងរបស់អាមេរិកបានដកចេញពីប្រទេសនេះ នៅចុងខែសីហា មុនពេលក្រុមតាលីបង់ចូលគ្រប់គ្រងទាំងស្រុងលើប្រទេសអាហ្វហ្គានីស្ថាន៕ (យោងតាមប្រភព៖ BBC) ប្រែសម្រួលដោយ៖ សុភ័ក្រ

