ឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់ និងអ្នកនាំផ្លូវម្នាក់បម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

ខេត្តបន្ទាយមានជ័យ : កម្លាំងតំបន់ប្រតិបត្តិការបន្ទាយមានជ័យឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់ និងអ្នកនាំផ្លូវម្នាក់បម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ។ នេះបើយោងតាមកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ។
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១វេលាម៉ោង២០និង៣០នាទីយប់មានជនជាតិចិនចំនួន៤នាក់ បម្រុងឆ្លងដែនទៅធ្វើការនៅប្រទេសថៃត្រូវបានឃាត់ខ្លួនដោយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យត្រង់ភូមិសាស្ត្រ អូរព្រំដែន ភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។


លោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំង ទាំងអស់ល្បាតជាប់ជាប្រចាំ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នាសហការល្អជាមួយកងកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍ ។
សូមបញ្ជាក់ថា ចាប់តាំងពីកងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះ ទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួនបញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់ ។
ចំណែកជនជាតិចិនចំនួន ៤នាក់ និងអ្នកនាំផ្លូវ ក្រោយពីបានសួរនាំរួច ត្រូវបានប្រគល់អោយស្នាក់ការកងរាជអាវុធហត្ថចាក់ការតាមនីតិវិធីច្បាប់បន្ត ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram