ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ក្រោយពេលធ្វើសកម្មភាពធាក់ផ្ដួល និងវាយប្លន់ម៉ូតូពីអ្នកដំណើរពេលយប់បានសម្រេចជាច្រើនលើកមកហើយ
រាជធានីភ្នំពេញ : កម្លាំងនគរបាលខណ្ឌដង្កោ បានសហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ក្រោយពេលធ្វើសកម្មភាពធាក់ផ្ដួល និងវាយប្លន់ម៉ូតូពីអ្នកដំណើរពេលយប់បានសម្រេចជាច្រើនលើកមកហើយ ។ ដោយឡែកកាលពីជិត២០ថ្ងៃមុន ក្រុមជនសង្ស័យនេះ ក៏បានធាក់ម៉ូតូកម្មកររោងចក្រម្នាក់ បណ្ដាលឲ្យដួល រួចដេញវាយប្លន់យកម៉ូតូសម្រេច ហើយក៏បានជិះគេចខ្លួនបាត់។ ការឃាត់ខ្លួននោះ បានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ក្រោមការដឹកនាំដោយលោកវរសេនីយ៍ឯកជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ។
ជនសង្ស័យខាងលើ រួមមាន ១-ឈ្មោះ ផុន សុធី អាយុ១៩ឆ្នាំ ២-ឈ្មោះ ជា សុខជីន អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ៣-ឈ្មោះ ចូច រ័ត្ន អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ៤-ឈ្មោះ ហាន ហ៊ីម អាយុ១៨ឆ្នាំ និង៥-ឈ្មោះ សយ វាសនា អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពេលឃាត់ខ្លួន នគរបាលបានដកហូតម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1L-3104 មួយគ្រឿង , កាំបិតដងជ័រទំហំ០២ធ្នាប់ដៃ ប្រវែង២៥សង្ទីរម៉ែត្រ១ដើម។ ចំណែកយុវជនរងគ្រោះដែលរងការធាក់ និងវាយប្លន់យកម៉ូតូចុងក្រោយគេ គឺមានឈ្មោះ ពៅ វុត្ថា អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយម៉ូតូដែលបានបាត់បង់នោះម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1R-0035 ។
បើតាមនគរបាលបានប្រាប់ឲ្យដឹងថា ក្រុមជនសង្ស័យខាងលើនេះ ធ្លាប់ធ្វើសកម្មភាពធាក់ និងវាយប្លន់យកម៉ូតូពីអ្នកដំណើរតាមដងផ្លូវបានសម្រេចជាច្រើនលើកមកហើយ ។ ដោយឡែកលើកចុងក្រោយនេះ គឺកើតឡើងកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២១និង៣០នាទីយប់ ជនរងគ្រោះបានជិះម៉ូតូចេញពីធ្វើការរោងចក្រ ស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីត្រឡប់ទៅផ្ទះវិញ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពដដែលបន្តថា លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែមានជនសង្ស័យចំនួន០៤នាក់ ដេញតាមធាក់ផ្ដួល និងវាយប្លន់យកម៉ូតូជនរងគ្រោះទៅបាត់ បន្ទាប់មកជនរងគ្រោះក៏បានដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍នគរបាលព្រៃ.សតែម្តង។
ប្រភពដដែលបានបន្តទៀតថា លុះដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១០យប់ ក្រុមជនសង្ស័យខាងលើ បានប្រមូលផ្តុំគ្នាជិះម៉ូតូដើររក ដើម្បីធ្វើសកម្មភាពម្តងទៀត នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប៉ុន្តែត្រូវសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ មានការសង្ស័យ ក៏ដេញតាមឃាត់ខ្លួនបានម្នាក់ដែលមានឈ្មោះ ហាន ហ៊ីម រួមនឹងវត្ថុតាងម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1L-3104 មួយគ្រឿង រួចក៏ប្រគល់ឲ្យនគរបាលខណ្ឌដង្កោ ធ្វើការសាកសួរ ទើបឈានដល់ការឃាត់ខ្លួនបក្សពួកជាបន្តបន្ទាប់ទៀត សរុប៥នាក់ ហើយក៏បាននាំគ្នារមកកសាងសំណុំ ដើម្បីចាត់ការតាមច្បាប់តែម្តង៕






