អភិបាលរងក្រុងព្រះសីហនុ និងមានការចូលរួមពីមន្ត្រីជំនាញ មន្ទីរ អង្គភាព ពាក់ព័ន្ធទាំងអស់ចុះណែនាំជាលើកចុងក្រោយដល់ពលរដ្ឋ និងម្ចាស់សំណង់ដែលសង់រំលោភលើអូរ និងដីចំណីអូរ២ ឲ្យរុះរើចេញជាកំហឹត

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយលោក ឈិត រតនៈ នាយករងរដ្ឋបាលខេត្តព្រះសីហនុ លោក គង់ សោភា អភិបាលរងក្រុងព្រះសីហនុ និងមានការចូលរួមពីមន្ត្រីជំនាញ មន្ទីរ អង្គភាព ពាក់ព័ន្ធទាំងអស់ចុះណែនាំជាលើកចុងក្រោយដល់ពលរដ្ឋ និងម្ចាស់សំណង់ដែលសង់រំលោភលើអូរ និងដីចំណីអូរ២ ឲ្យរុះរើចេញជាកំហឹត ។ ចំណុចនេះស្ថិតនៅក្នុងភូមិ៥ សង្កាត់លេខ៤ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។


យោងតាមប្រសាសន៍របស់លោកឈិត រតនៈ នាយករងរដ្ឋបាលខេត្តព្រះសីហនុ បានជម្រាបជូនដំណឹងជាលើកចុងក្រោយទៅកាន់ប្រជាពលរដ្ឋចំនួន៣១គ្រួសារ ស្មើនឹង៣២ខ្នងផ្ទះ ដែលមានផ្ទះ និងសំណង់អគារសង់រំលោភលើអូរប្រឡាយ និងដីចំណីរផ្លូវអូរ២ សូមឆាប់រុះរើចេញដោយខ្លួនឯងជាកំហឹត មុននឹងរដ្ឋបាលខេត្តចាត់វិធានការក្តៅឈួសឆាយកាយស្តារអូរប្រឡាយអាចធ្វើឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់បងប្អូន ។
លោកបានបន្តទៀតថា ក្នុងការដែលអាជ្ញាធរចុះមកផ្សព្វផ្សាយឱ្យមានការរុះរើចេញនេះ មិនមែនជាលើកទីមួយទេ កន្លងមករដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹង កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១រួចមកហើយដែរ តែបងប្អូនពលរដ្ឋមិនព្រមស្តាប់តាម ក្នុងការណែនាំទេ ហើយនេះជាការផ្សព្វផ្សាយលើកចុងក្រោយ គឺយើងសុទ្ធតែមានមន្ត្រីជំនាញចុះមកកំណត់ទីតាំងច្បាស់លាស់រួចមកហើយដែរ ពីផលប៉ះពាល់មួយចំនួនក្នុងក្រុងព្រះសីហនុ ។ សូមបងប្អូនប្រជាពលរដ្ឋ និងម្ចាស់សំណង់មួយចំនួនកុំគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន សង់សំណង់រំលោភលើអូរ និងដីចំណីអូរប្រឡាយ(អូរ២) ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋដទៃទៀត ប៉ះពាល់អនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ ដោយមិនបានគិតពីផលប្រយោជន៍រួម គិតតែពីផលប្រយោជន៍ខ្លួន និងបុគ្គលម្នាក់ៗ ។


គួររំលឹកផងដែរថា ចាប់តាំងពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានចូលមកកាន់តំណែងជាអភិបាលខេត្តថ្មីមកឯកឧត្តមបានកសាងស្ថាបនា ហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់នានា បានជាច្រើនខ្សែ និងបានស្តារអូរ-ប្រឡាយរំដោះទឹកពុំឲ្យមានការជនលិចលង់ដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរទៀតនោះទេ ។ បច្ចុប្បន្នឯកឧត្តមនៅតែបន្តធ្វើកិច្ចការងារនេះដូចភ្លៀងរលឹម និងមិនលើកលែងជាដាច់ខាតចំពោះបុគ្គលណាម្នាក់ដែលសង់សំណង់រំលោភលើអូរប្រឡាយ ដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិជារួម ។


ប្រជាពលរដ្ឋ៩គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋ៣១គ្រួសារដែលរដ្ឋបាលខេត្តព្រះសីហនុ តម្រូវឱ្យរុះរើសំណង់គ្រប់ប្រភេទដែលសង់រំលោ.ភលើអូរ និងដីចំណីអូរ២ ឲ្យរុះរើចេញជាកំហឹត នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះបានអំពាវនាវក៏ដូចជាស្នើសុំការយោគយល់ពីអាជ្ញាធរ ដោយបន្ធូរបន្ថយលើស្ថានភាពជាក់ស្តែងដល់ពួកគាត់ផង ។
ក្រុមប្រជាពលរដ្ឋបានថ្លែងថា ពួកគាត់ពុំបានប្រឆាំងទៅនឹងការសម្រេចរបស់អាជ្ញាធរ នោះទេ មានន័យថា ពួកគាត់មានការសាទរទៅនឹងគោលការណ៍ណែនាំរបស់ឯកឧត្តមអភិបាលខេត្តកន្លងមក ដែលតែងតែបានគិតគូរប្រយោជន៍រួមជាធំ ។ ហើយអ្វីដែលរដ្ឋបាលក្រុង ខេត្ត តម្រូវឱ្យពួកគាត់រុះរើចេញនេះក៏ដើម្បីបញ្ចៀសនូវកកស្ទះចរន្តទឹកផងដែរ ប៉ុន្តែពួកគាត់ស្នើសុំតែម្យ៉ាង ការបន្ធូរបន្ថយក្នុងការពង្រីកអូរ លើសអំពីអ្វីដែលក្រុមការងារធ្លាប់ចុះមកបាញ់ថ្នាំ កំណត់ទំហំ ។
ពួកគាត់សុខចិត្តកាត់មួយចំណែកផ្ទះដែលនៅខាងក្រោយ សុំទុកខាងមុខឱ្យខ្លួនគាត់បានប្រកបអាជិវកម្មបន្តិចបន្តួចចិញ្ចឹមឆ្នាំងផង ។ ប្រភពដដែលបានបន្តថា ពួកគាត់បានមករស់នៅទីនេះយូរហើយ ថែមទាំងមានការទទួលស្គាល់ពីអាជ្ញាធរដែនដី និងផ្ទះខ្លះមានទាំងបង្កាន់ដៃវាស់វែងទៀតផង ដូចនេះពួកគាត់សុំតែកន្លែងមួយសម្រាប់រកស៊ីចឹញ្ចឹមជិវិតតែប៉ុណ្ណោះ មិនមែនមានចេតនាណាមួយប្រឆាំងទៅនឹងការអភិវឌ្ឍនោះទេ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram