ខារ៉ាអូខេមួយកន្លែងបានបើកលួចលាក់ បំពាននឹងបំរាមរបស់ក្រសួងសុខាភិបាល ហើយក៏ត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួនបុគ្គលិកហាងខារ៉ាអូខេ រួមនឹងភ្ញៀវចំនួន៤៣នាក់ ដើម្បីធ្វើតេស្ដសំណាករកមេរោគជំងឺកូវីដ១៩ ជាលទ្ធផលគឺមានវិជ្ជមានចំនួន៦នាក់
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ខារ៉ាអូខេមួយកន្លែងបានបើកលួចលាក់ បំពាននឹងបំរាមរបស់ក្រសួងសុខាភិបាល ហើយក៏ត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួនបុគ្គលិកហាងខារ៉ាអូខេ រួមនឹងភ្ញៀវចំនួន៤៣នាក់ ដើម្បីធ្វើតេស្ដសំណាករកមេរោគជំងឺកូវីដ១៩ ជាលទ្ធផលគឺមានវិជ្ជមានចំនួន៦នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភោជនីយដ្ឋាន «ម្ហូប ធម្មជាតិថុន វាសនា» ដែលស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

សេចក្តីរាយការណ៍បន្តថា ជនល្មើសនឹងបំរាមរបស់ក្រសួងសុខាភិបាលខាងលើនេះ គឺមានចំនួន៤៣នាក់ ក្នុងនោះភ្ញៀវចូលផឹកស៊ីចំនួន១០នាក់ និងបុគ្គលិកហាងខារ៉ាអូខេចំនួន៣៣នាក់ មានទាំងស្រី ទាំងប្រុស ។
បើតាមប្រភពព័ត៌មានពីគណ:បញ្ជាការខណ្ឌពោធិ៍សែនជ័យ បានអោយដឹងថា ទីតាំងខារ៉ាអូខេ និងភោជនីយដ្ឋាន «ម្ហូប ធម្មជាតិ» ដែលស្ថិតនៅទីតាំងកន្លែងកើតហេតុខខាងលើនេះ បានបើកលួចលាក់ខុសច្បាប់បំពាននឹងបំរាមរបស់ក្រសួងសុខាភិបាល ហើយក៏ត្រូវបានគណៈបញ្ជាការខណ្ឌពោធិ៍សែនជ័យ ចុះឃាត់ខ្លួនទាំងបុគ្គលិកហាង និងភ្ញៀវដែលបានបើកនឹងចូលផឹកស៊ី ដើម្បីធ្វើតេស្ដសំណាករកមេរោគជំងឺកូវីដ១៩។
ប្រភពដដែលបានបន្តទៀតថា ខណៈពេលដែលគណៈបញ្ជាការខណ្ឌពោធិ៍សែនជ័យ ចុះឃាត់ និងធ្វើតេស្ដសំណាករកជំងឺកូវីដ១៩នោះ ក៏ស្រាប់តែរកឃើញបុគ្គលិកហាងខារ៉ាអូខេ និងភោជនីយដ្ឋាន «ម្ហូប ធម្មជាតិ» ខាងលើ ចំនួន៦នាក់មានវិជ្ជមានកូវីដ១៩ ក្នុងនោះបុគ្គលិកនារីខារ៉ាអូខេចំនួន៥នាក់ និងបុរសជាចុងភៅម្នាក់ ហើយក្រោយពេលរកឃើញ ក៏ត្រូវបានដឹកយកទៅព្យាបាលភ្លាមៗផងដែរ ។
បន្ទាប់ពីគណៈបញ្ជាការខណ្ឌពោធិ៍សែនជ័យ ចុះឃាត់ដើម្បីធ្វើតេស្ដសំណាករកជំងឺកូវីដ១៩ បានរកឃើញអ្នកវិជ្ជមានចំនួន៦នាក់ភ្លាមៗនោះ លោកអភិបាលរងរាជធានីភ្នំពេញ ក៏បានចុះទៅត្រួតពិនិត្យផ្ទាល់ភ្លាមៗផងដែរ និងបានបញ្ជាកម្លាំងសហការ ដើម្បីបញ្ជូនអ្នកវិជ្ជមានទាំង៦នាក់ យកទៅព្យាបាលភ្លាមៗ ចំណែកអ្នកអវិជ្ជមាន ក៏ត្រូវបានយកទៅធ្វើចត្តាឡីស័កជាបន្តបន្ទាប់។
ក្នុងនោះផងដែរ កម្លាំងសហការខណ្ឌពោធិ៍សែនជ័យ បានតាមឃាត់ខ្លួនថៅកែហាងខារ៉ាអូខេ និងភោជនីយដ្ឋាន តែឃាត់មិនបាន គឺឃាត់បានតែមេការហាងតែប៉ុណ្ណោះ ដើម្បីនាំមកសួរនាំ ហើយនឹងប្រាប់ឱ្យថៅកែហាងខាងលើនេះ ចូលខ្លួនចេញមុខដោះស្រាយតាមផ្លូវច្បាប់ ៕










