រថយន្តបែនដឹកដីធុនធំមួយគ្រឿង បើករេចង្កូតធ្លាក់ចូលរណ្ដៅដីដែលមានជំរៅរាប់សិប លិចបាត់ស្រមោល ចំណែកតៃកុងលោតចេញទាន់…

រាជធានីភ្នំពេញ ៖ ហេតុការណ៍នេះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ ស្ថិតនៅតាមបណ្ដោយផ្លូវលំ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស រាជធានីភ្នំពេញ។


តាមប្រភពប្រជាពលរដ្ឋនៅកន្លែងកើតហេតុប្រាប់ឲ្យដឹងថា៖ ពួកគាត់មិនបានស្គាល់ថារថយន្តដែលធ្លាក់ទឹកនេះម៉ាកអ្វី និងពាក់ស្លាកលេខប៉ុន្មាននោះទេ? គ្រាន់តែដឹងថា ជារថយន្តបែនដឹកដី និងសង្ស័យថា ម៉ាកហ៊ីយ៉ាន់ដាយ ព្រោះតាមផ្លូវនោះមានរថយន្តដឹកដីទៅមកជាប់មិនដាច់ដូចជាហ្វូងសត្វកណ្ដៀរ ហើយជាង៩០ភាគរយ គឺម៉ាកហ៊ីយ៉ាន់ដាយ។


អ្នកភូមិបន្តថា ដោយឡែកនៅមុនពេលកើតហេតុ ពួកគាត់បានឃើញរថយន្តបែនដឹកដី១គ្រឿងនេះ បើកបរក្នុងល្បឿនលឿនធ្វើដំណើរតាមបណ្ដោយផ្លូវលំ ពីត្បូងទៅជើង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុពុំដឹងថា អ្នកបើកបរងងុយដេក ឬស្រវឹងស្រាទេ ក៏ស្រាប់តែរេចង្កូតរធ្លាក់ផ្លូវ រួចចូលទៅក្នុងរណ្ដៅដីដែលមានទឹកទាំងកម្រោល និងលិចបាត់ទៅក្នុងទឹកជម្រៅដ៏ជ្រៅនោះតែម្តង ប៉ុន្តែសំណាងល្អ ដែលអ្នកបើកបរបានលោតចេញពីក្នុងរថយន្តទាន់ ដោយមិនបានរងរបួសឡើយ ទើបរួចពីសេចក្ដីស្លាប់ដោយការឈ្លក់ទឹក។


ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅកាន់ទីតាំងកន្លែងកើតហេតុត្រួតពិនិត្យជាក់ស្ដែង ហើយដោយសារតែពុំមានគ្រោះថ្នាក់ដល់មនុស្ស និងខូចខាតដល់ទ្រព្យសម្បត្តិរបស់រដ្ឋ ទើបអនុញ្ញាតឲ្យម្ចាស់រថយន្តចាត់ចែងយករថយន្តឡើងគោកដោយខ្លួនឯង។ បន្ទាប់មក ម្ចាស់រថយន្តបានជួលអ្នកជំនាញខាងមុជទឹកចុះរាវរករថយន្ត និងហៅរថយន្តស្ទូច ដើម្បីទៅស្ទូចយករថយន្តឡើងគោកវិញ រួចយកទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram