ការនាំចេញអង្ករ៤ខែដំបូងនៃឆ្នាំ២០២០បានជាង៣០ម៉ឺនតោនកើនឡើងប្រមាណ៤១%គួរអោយកត់សំគាល់….


រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២០បើតាមសហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថាកម្ពុជាសម្រេចការនាំចេញអង្ករទៅក្រៅប្រទេសក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២០បានជាង៣០ម៉ឺនតោន កើនឡើងប្រមាណ៤១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។
ជាមួយនឹងកំណើននៅក្នុងរយៈពេល៤ខែនេះ ការនាំចេញអង្ករនៅក្នុងត្រីមាសបន្ទាប់ក៏ត្រូវបានព្យាករណ៍ថានឹងបន្តកើនឡើងដែរ។បើតាមសហព័ន្ធស្រូវអង្ករកម្ពុជាកាលពីថ្ងៃទី២ ខែឧសភានេះគឺជាកំណើនមួយ ដែលគួរឲ្យកត់សម្គាល់បំផុតរបស់កម្ពុជា ដែលបានសម្រេចការនាំចេញ ក្នុងរយៈពេល៤ខែដើមឆ្នាំ ក្នុងតួលេខខ្ពស់បំផុតនារយៈពេល១០ឆ្នាំចុងក្រោយនេះ។លោកហ៊ុនឡាក់ប្រធានកុ្រមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់បណ្តាញពត៌មានថា ដោយសារតែវិបត្តិកូវីដ១៩ប្រទេសមួយចំនួនបានផ្អាកការនាំចេញ ហើយសកម្មភាពមួយចំនួននៅក្នុងពិភពលោកត្រូវផ្អាកធ្វើឲ្យមានតម្រូវការផ្នែកស្បៀង។


ដោយឡែកកម្ពុជាមិនបានបិទការនាំចេញដែរដូច្នេះធ្វើឲ្យមានកំណើននៃការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេស។ លោកបន្ថែមថាមូលហេតុផ្សេងទៀត ដែលនាំឲ្យការនាំចេញអង្ករមានការកើនឡើង គឺតម្លៃស្រូវ និងអង្ករមានតម្លៃល្អ។ក្នុងរយៈពេល៤ខែដើមឆ្នាំ ២០២០នេះ គឺកម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេសចិនចំនួន ៤១ភាគរយ ឬប្រមាណ១២ម៉ឺនតោន សហគមន៍អឺរ៉ុប និងប្រទេសអង់គ្លេស មានចំនួន៣២ភាគរយ ឬប្រមាណជិត១០ម៉ឺនតោន ប្រទេសសមាជិកអាស៊ានប្រមាណ១៣ភាគរយ ឬប្រមាណ៣៧ពាន់តោន និងបណ្តាប្រទេសផ្សេងៗទៀតមានចំនួនប្រមាណ១៤ភាគរយ ឬប្រហែល៤៣ពាន់តោន។
ដោយឡែកសម្រាប់ខែមេសា ឆ្នាំ២០២០នេះ ទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានខិតខំយកចិត្តទុកដាក់ គិតគូរចំពោះសន្តិសុខស្បៀងសម្រាប់ប្រជាជនកម្ពុជា ដោយផ្អាកការនាំចេញអង្ករស មួយរយៈពេលខ្លីក៏ដោយ ក៏ការនាំចេញអង្ករក្រអូបរបស់កម្ពុជា សម្រេចបានជាង៦៩ពាន់តោនដែលផ្តល់នូវតម្លៃមួយយ៉ាងខ្ពស់សម្រាប់ អាជីវករ និងអ្នករកស៊ីក្នុងវិស័យស្រូវអង្ករ នេះបើតាមសហព័ន្ធស្រូវអង្ករកម្ពុជា។
លោក ហ៊ុន ឡាក់

ប្រធានកុ្រមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជាក៏បានឲ្យដឹងដែរថាដោយសារតែវិបត្តិកូវីដ១៩ មិនទាន់ថមថយនៅឡើយ ការនាំចេញអង្កររបស់កម្ពុជានឹងបន្តមានកំណើន។
លោកបញ្ជាក់ថានៅក្នុងត្រីមាសទី២ គឺចាប់ពីខែមេសា ដល់ខែមិថុនា ការបញ្ជាទិញអង្ករ នៅតែមានជាបន្តបន្ទាប់ ដែលអាចធ្វើឲ្យមានកំណើន។បើតាមលោក ហ៊ុន ឡាក់ សម្រាប់ត្រីមាសទី៣ និងទី៤ គឺកំពុងតែស្ថិតនៅក្នុងការឃ្លាំមើលនៅឡើយ ថាតើប្រទេស ដែលមានអង្ករនាំចេញផ្សេងទៀតនឹងចាប់ផ្តើមនាំអង្កររបស់គេចេញទៅផ្សារអន្តរជាតិដែរឬយ៉ាងណា?។
ប្រសិនបើប្រទេសគេមិននាំចេញ ដោយបញ្ហាសន្តិសុខស្បៀង នោះកម្ពុជានឹងជំរុញការនាំចេញអង្ករ ដោយសារតែកម្ពុជានៅសល់ស្រូវច្រើនតែកម្ពុជាក៏មិនភ្លេចដែរពីការធានាបាននូវសន្តិសុខស្បៀងរបស់ខ្លួននោះដែ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram