យុទ្ធជនតាលីបង់ បានបញ្ចេញអារម្មណ៍ខកចិត្ត និង ខឹងសម្បារ បន្ទាប់ពីដឹងថា អាមេរិកបានបិទដំណើរការឧបករណ៍ម៉ាស៊ីនឧទ្ធម្ភាគចក្រ និងយន្តហោះយោធា

កាលប៊ុល ៖ យុទ្ធជនតាលីបង់ បានបញ្ចេញអារម្មណ៍ខកចិត្ត និង ខឹងសម្បារ បន្ទាប់ពីដឹងថា អាមេរិកបានបិទដំណើរការឧបករណ៍ម៉ាស៊ីនឧទ្ធម្ភាគចក្រ និងយន្តហោះយោធា មុនពេលពួកគេ ចាកចេញពីទីក្រុងកាប៊ុល នេះបើយោងតាមសារព័ត៌មានអង់គ្លេសចុះផ្សាយថ្ងៃទី២ កញ្ញា ២០២១នេះ ។


ឧត្តមសេនីយ៍ Frank McKenzie មេបញ្ជាការបេសកកម្មជម្លៀសជនជាតិអាមេរិក លោកបាននិយាយថា យន្តហោះ ៧៣គ្រឿងរបស់កងទ័ពអាមេរិក បានបិទដំណើរការមេកានិច មុនពេលពួកគេចាកចេញពីប្រទេសអាហ្វហ្គានីស្ថាននៅយប់ថ្ងៃចន្ទ សប្ដាហ៍នេះ ។
ប៉ុន្តែក្រុមតាលីបង់ មានក្តីរំពឹងថា ជនជាតិអាមេរិក នឹងទុកឧទ្ធម្ភាគចក្រ សម្រាប់ការប្រើប្រាស់របស់ពួកគេ នេះបើយោងតាមអ្នកយកព័ត៌មាន អាល់ហ្សាហ្សេរ៉ា ដែលបានចុះទៅផ្ទាល់ដល់អាកាសយានដ្ឋានអន្តរជាតិ ហាមីដកាហ្សៃ នៅទីក្រុងកាប៊ុល បន្ទាប់ពីកងទ័ពអាមេរិកចាកចេញ ។


អ្នកយកព័ត៌មាន បានសួរទៅកាន់ ក្រុមតាលីបង់ថា ហេតុអ្វីបានជាអ្នកគិតថា ជនជាតិអាមេរិកនឹងទុកអ្វីៗទាំងអស់សម្រាប់អ្នក ? ពួកគេបានឆ្លើយថា ដោយសារតែយើងជឿថា វាគឺជាទ្រព្យសម្បត្តិជាតិ ហើយយើងជារដ្ឋាភិបាលបច្ចុប្បន្ននេះ យន្តហោះនិងឧទ្ធម្ភាគចក្រទាំងនេះ អាចមានប្រយោជន៍ច្រើនសម្រាប់យើង ។


អ្នកយកព័ត៌មាន ក៏បានអោយដឹងដែរថា ៖ «ពួកគេ(តាលីបង់)ខកចិត្ត ពួកគេខឹងសម្បារ ពួកគេមានអារម្មណ៍ថា ត្រូវគេក្បត់ ព្រោះឧបករណ៍ទាំងអស់នេះ ខូចហួសពីការជួសជុល» ។


ក្រុមតាលីបង់សង្ឃឹមថា នឹងមានផ្នែកពាណិជ្ជកម្ម នៃព្រលានយន្តហោះ ដែលអាចដំណើរការបាន ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ ដែលអាចអនុញ្ញាតឲ្យជនជាតិអាហ្វហ្កានីស្ថាន ហោះហើរចេញពីប្រទេស តាមវីសា រួមជាមួយអាមេរិកបានបន្សល់ទុកជនស៊ីវិល រហូតដល់២០០នាក់ រថយន្តការពារអាំប៊ូស ៧០គ្រឿង និងរថយន្ត Humvees ២៧គ្រឿង នៅអាហ្វហ្គានីស្ថាន ។


កាពីថ្ងៃទី៣០ ខែមិថុនា កងទ័ពអាកាសអាហ្វហ្គានីស្ថាន កំពុងប្រតិបត្តិការយន្តហោះ ចំនួន១៦៧គ្រឿង ក្នុងនោះមានឧទ្ធម្ភាគចក្រ ១០៨គ្រឿង និងយន្តហោះ ៥៩គ្រឿង នេះបើយោងតាមការត្រួតពិនិត្យរបស់រដ្ឋាភិបាលអាមេរិក ប៉ុន្តែមុនពេលទីក្រុងកាប៊ុលធ្លាក់ទៅក្រុមតាលីបង់ យន្តហោះអាហ្វហ្គានីស្ថានចំនួន ៤៦គ្រឿង រួមទាំងឧទ្ធម្ភាគចក្រចំនួន ២៤គ្រឿង បានមកដល់ប្រទេសអ៊ូសបេគីស្ថាន ដើម្បីការពារកុំឲ្យធ្លាក់ក្នុងកណ្តាប់ដៃតាលីបង់ ។


កាំភ្លើង ធុងអុកស៊ីហ្សែន និងគ្រាប់ ត្រូវបានគេយកចេញពីឧទ្ធម្ភាគចក្រ ខណៈយន្តហោះស៊ីវិលផ្សេងទៀត គេបានដាក់តួយន្តហោះដោយផ្ទាល់នៅលើកម្រាលឥដ្ឋ ដោយកង់ដកហូតចេញ ។ គេឃើញ យន្តហោះចំនួន ៤៨គ្រឿង ដែលក្រុមតាលីបង់រឹបអូសបាន សុទ្ធតែបែកបាក់ ។


មេបញ្ជាការតាលីបង់ ត្រូវបានគេរាយការណ៍ថា បានបញ្ជាឲ្យកងទ័ពពិសេសពួកគេ តាមប្រមាញ់អ្នកបើកយន្តហោះពីកងទ័ពអាកាសអាហ្វហ្គានីស្ថាន ដែលបានបែកខ្ញែកគ្នា ដែលកងទ័ពទាំងនេះ ទទួលបានការបណ្តុះបណ្តាលពីអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងការហោះហើរយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រមានបច្ចេកវិទ្យាទំនើប ។ បើគ្មានអាកាសយានិកទេ ការហោះហើរយន្តហោះទំនើបបែបនេះ គឺមិនអាចទៅរួចទេ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram