បុរសម្នាក់ បានជិះម៉ូតូរត់គេចពីបុរសម្នាក់ទៀតដែលជិះម៉ូតូធន់ធំមួយគ្រឿង ប្រដេញគ្នាពីក្រោយក្នុងយ៉ាងល្បឿនលឿនដូចហោះ ធ្វើឱ្យប្រុសរងគ្រោះភ័យស្លន់ស្លោ ក៏ជិះធ្លាក់ជង្ហុក បណ្ដាលឲ្យដួលបោកក្បាលទៅនឹងថ្នល់
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ (ជនរងគ្រោះ) បានជិះម៉ូតូរត់គេចពីបុរសម្នាក់ទៀតដែលជិះម៉ូតូធន់ធំមួយគ្រឿង ប្រដេញគ្នាពីក្រោយក្នុងយ៉ាងល្បឿនលឿនដូចហោះ ធ្វើឱ្យប្រុសរងគ្រោះភ័យស្លន់ស្លោ ក៏ជិះធ្លាក់ជង្ហុក បណ្ដាលឲ្យដួលបោកក្បាលទៅនឹងថ្នល់របួសធ្ងន់សន្លប់ស្តូកស្តឹង ហើយក៏ត្រូវរថយន្តមួយគ្រឿងទៀតមកពីក្រោយមកជាន់ហ្វ្រាំងមិនទាន់ក៏កិនពីលើបុរសរងគ្រោះរូបនោះ ធ្វើឱ្យដាច់ខ្យល់ស្លា.ប់ភ្លាមៗនៅនឹងកន្លែងតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ ៣១៥ ចំណុចស្តុបផ្សារមាន់អាំង ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

សេចក្តីរាយការណ៍បន្តថា ស.ពបុរសរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដែលមានភិនភាគស្លៀកខោអាវឈុតកីឡា ពណ៌ខៀវ ខោជើងខ្លី ពាក់អាវយឺតដៃវែងពណ៌ មានវ័យ៣០ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ កំពង់ធំ 1O-6876 ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គឺគាត់ឃើញជនរងគ្រោះជិះម៉ូតូតែម្នាក់ឯង រត់គេចពីបុរសម្នាក់ទៀតដែលជិះម៉ូតូធន់ធំ សង្ស័យជាមន្ត្រីនគរបាល បានជិះប្រដេញពីក្រោយជនរងគ្រោះតាមបណ្ដោយផ្លូវ៣១៥ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនដូចហោះទាំងលក្ខណៈភ័យស្លន់ស្លោ ។

ប្រភពដដែលបន្តថា ហើយដោយមិនបានប្រយ័ត្ន ធ្វើឲ្យជនរងគ្រោះជ្រុលធ្លាក់ជង្ហុកធំមួយនៅចំណុចស្តុបផ្សារមាន់អាំង បណ្ដាលឲ្យបោកផ្លោងជនរងគ្រោះទៅនឹងថ្នល់សន្លប់ស្ដូកស្ដឹង ភ្លាមៗនោះក៏មានរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកធ្វើដំណើរស្របទិសគ្នាពីក្រោយក្នុងល្បឿនលឿនដែរ ហើយជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលកិនបុរសនោះបន្ថែមទៀត បណ្តាលឲ្យស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកម៉ូតូជនរងគ្រោះវិញ ខ្ទាតឆ្ងាយពីស.ពជនរងគ្រោះចម្ងាយជាង៥០ម៉ែត្រ បណ្តាលឱ្យរងការខូចខាតខ្ទេចមួយកំណាត់មុខ ។ នៅគ្រានោះផងដែរ គ្រាន់តែឃើញសភាពមិនស្រួលភ្លាម ជនសង្ស័យដែលជិះម៉ូតូប្រដេញជនរងគ្រោះនោះ ក៏បានបត់ម៉ូតូត្រឡប់ក្រោយរត់គេចខ្លួនបាត់ស្រមោលតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីពិនិត្យជុំវិញកន្លែងកើតហេតុ ស្រាប់តែរកឃើញម្សៅក្រាម.សថ្លាចំនួន២ថង់តូចនៅក្បែរខ្លួនសាកស.ពជនរងគ្រោះផងដែរ តែមិនទាន់ដឹងច្បាស់ថា តើជារបស់អ្នកណានោះទេ?។ ចំណែកឯស.ពជនរងគ្រោះនៅមិនទាន់ទាក់ទងរកសាចញាតិឃើញនៅឡើយទេ ហើយក៏ត្រូវបានសមត្ថកិច្ចសម្រេចដឹកយកទៅដម្កល់នៅវត្តទឹកថ្លាជាបណ្តោះអាសន្ន ដើម្បីរង់ចាំទាក់ទងសាចញាតិនៅពេលក្រោយម្តងទៀត ចំណែកម៉ូតូជនរងគ្រោះវិញ ក៏ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិកាដ្ធានខណ្ឌទួលគោក៕


