លោកWilliam Guangត្រូវបានបញ្ចប់មុខតំណែងពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិង ផ្តល់យោបល់…….
រាជធានីភ្នំពេញ៖ប្រធានគណបក្សខ្មែរក្រោកនិងជាសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ត្រូវបានប្រមុខរដ្ឋស្តីទីសម្តេចសាយឈុំបានសម្រេចបញ្ចប់មុខតំណែងក្នុងព្រះរាជក្រឹត្យបញ្ចប់មុខតំណែងនៅថ្ងៃទី០៤ខែឧសភាឆ្នាំ២០២០នេះដែលធ្វើឡើងតាមការទូលថ្វាយរបស់សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកសុខសុវណ្ណ វឌ្ឍនាសាប៊ុងហៅWilliam Guang ក្នុងនាមជាប្រធានគណបក្សខ្មែរក្រោក បានក្លាយជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់បន្ទាប់ពីស្ថាប័ននេះត្រូវបានព្រះមហាក្សត្រសម្រេចបង្កើតឡើងតាមការទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០១៨។
សូមបញ្ជាក់ថាក្រសួងបរិស្ថាន បានចេញសេចក្តីប្រកាសព័ត៌មានជុំវិញភាពមិនប្រក្រតីរបស់លោកប្រធានបក្សរូបនេះ ដោយលើកឡើងថាពិតជាមានការសោកស្ដាយចំពោះទង្វើគ្មានការទទួលខុសត្រូវ និងភាពមិនដឹងអំពីរបៀបរបប និងនីតិវិធីនៃការបំពេញការងារ នៅក្នុងក្របខណ្ឌនៃការងាររដ្ឋបាលសារធារណៈ របស់ប្រធានប្រតិភូគណបក្សខ្មែរក្រោក ដឹកនាំដោយលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង សាមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់អំឡុងពេលចុះបំពេញបេសកកម្មនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ (រាម) ក្នុង ភូមិសាស្ត្រ ស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០។







