លោក ឃួង ស្រេង ចុះពិនិត្យមើលការជួសជុលថែទាំស្តូបព្រះបរមរតនកោដ្ឋ…

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ត្រីជំនាញនិងអាជ្ញាធរដែនដីពាក់ព័ន្ធបានអញ្ជើញទៅពិនិត្យមើលដំណើរការជួសជុលកែលម្អស្តូបព្រះបរមរតនកោដ្ឋ ដែលស្ថិតនៅលើសួនច្បារខាងកើតវិមានឯករាជ្យក្នុងខណ្ឌចំការមនដែលកំពុងតែដំណើរការជួសជុលកែលម្អហើយរហូតមកដល់ពេលនេះបានប្រមាណ៩៥ ភាគរយហើយ ដោយគ្រោងឱ្យហើយរួចរាល់នៅចុងខែមិនានេះ។


ក្នុងឱកាសចុះពិនិត្យនោះលោកឃួង ស្រេង ក៏បានណែនាំឲ្យបង្កើតគណៈកម្មការមួយដើម្បីជូសជុល និង ថែទាំស្តូបព្រះបរមរតនកោដ្ឋនេះឲ្យបានជាប្រចាំ រួមទាំងការថែទាំសួនច្បារនៅជុំវិញបរិវេណនោះផងដែរ។


លោកអភិបាលបានថ្លែងថា នេះជាទីឋានដែលរដ្ឋបាលរាជធានីភ្នំពេញបានជួសជុលនិងថែទាំជាប់ជាប្រចាំ ជាទីកន្លែងដែលយើងតែងប្រារព្វពិធីថ្វាយកុសលឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋជារៀងរាល់ឆ្នាំ។លោកអភិបាលរាជធានីភ្នំពេញបានណែនាំឲ្យមានការជួសជុលកែលម្អជាដំណាក់កាលគឺមានជួសជុលដំបូលពិតាន, លាបក្បាច់ពណ៌ទឹកមាសផ្នែកខាងលើព្រះបរមរូប, ជួសជុលជើងទម្រថ្មម៉ាប និងថ្មភ្នំ រួមទាំងការថែទាំសួនច្បារ, រៀបចំប្រព័ន្ធបាញ់ទឹកជាថ្មីឡើងវិញរួមទាំងការកាប់ដើមក្ងោកចាស់ៗដែលពុកផុយរួចដាំជាថ្មីឡើងវិញផង ដែរ។


សូមបញ្ជាក់ថា ទីតាំងស្តូបព្រះបរមរតនកោដ្ឋ រួមទាំងសួនច្បារជុំវិញផង បានក្លាយជាទីរមណីយដ្ឋានដ៏ស្រស់បំព្រងប្រកបដោយខ្យល់អាកាសបរិសុទ្ធនិងពេញនិយមសម្រាប់ភ្ញៀវទេសចរទៅលំហែកម្សាន្ត និងជាទីពេញនិយមសម្រាប់ប្រជាពលរដ្ឋទូទៅហាត់ប្រាណដើម្បីសុខភាពផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram