អគ្គិភ័យឆាបឆេះអស់ទាំងស្រុង ខណៈពេលដែលឆ្លងចរន្តអគ្គិសនីធ្លាក់ផ្កាភ្លើង

រាជធានីភ្នំពេញ ៖ ម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ខណៈពេលដែលឆ្លងចរន្តអគ្គិសនីធ្លាក់ផ្កាភ្លើងមកលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ២៧១ ស្ថិតនៅភូមិសន្សំកុសល៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។


បើតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់បានរៀបចំទុកដាក់សម្ភារៈ រួមនឹងម៉ូតូបានដាក់នៅខាងក្នុងផ្ទះ ហើយក៏បានចាក់សោត្រឹមត្រូវ រួចក៏ឡើងទៅសម្រាកនៅជាន់លើតែម្តង។ បន្ទាប់មកក៏ឮសូរសំឡេងផ្ទុះ លុះពេលរត់ចុះមកក្រោមមើល ក៏ស្រាប់តែឃើញអណ្តាតភ្លើងបានឆាបឆេះនៅលើម៉ូតូទៅហើយ ក៏បាននាំគ្នាអូសម៉ូតូចេញមកក្រៅ ដើម្បីពិនិត្យមើល ក៏ឃើញភ្លើងឆាបឆេះខ្សែភ្លើង ក្រោយមកក៏នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់តែម្តងទៅ ។


ប្រភពព័ត៌មានបានបន្តថា ម៉ូតូដែលអូសមកក្រៅនោះ គឺត្រូវភ្លើងឆាបឆេះយ៉ាងខ្លាំង ហើយពេលនោះក៏មានបងប្អូនប្រជាពលរដ្ឋរស់នៅក្បែរខាង បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ដែរ ប៉ុន្តែមិនរលត់នោះទេ ហើយម៉ូតូក៏ត្រូវភ្លើងឆាបឆេះអស់ទាំងស្រុងតែម្តង ។ ប្រភពដដែលបញ្ជាក់ថា ម៉ូតូដែលអគ្គិភ័យឆាបឆេះនេះ គឺម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1G-0023 ។


ពាក់ព័ន្ធនឹងករណីអគ្គិភ័យខាងលើ គឺមិនមានអ្នកណារងរបួសនោះទេ ហើយក៏មិនបានឆាបឆេះរាលដាលដល់ផ្ទះជិតខាងដែរ ហើយអគ្គីភ័យនេះត្រូវបានជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យបានរលត់ទាំងស្រុងទៅវិញ ដោយមិនរំខានដល់សមត្ថកិច្ចឡើយ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram