ធុញថប់រឿងឪពុកម្តាយទាំងសងខាងមើលងាយ ចង់បញ្ចប់គ្រប់យ៉ាងត្រឹមយប់នឹង

រាជធានីភ្នំពេញ ៖ បុរសម្នាក់ផឹកស្រាស្រវឹង សង្ស័យតូចចិត្តរឿងឪពុកម្ដាយខាងស្រីមើលងាយថាគ្មានសមត្ថភាពរកប្រាក់ចូលស្តីដណ្តឹងកូនស្រីរបស់ពួកគាត់រៀបការ ទើបធ្វើឱ្យបុរសរូបនេះគិតខ្លីរួចជិះម៉ូតូមកឈប់លើស្ពានជ្រោយចង្វាចាស់ ប៉ុនប៉ងលោ.តទឹក ដើម្បីបញ្ចប់រឿងរ៉ាវគ្រប់យ៉ាង ប៉ុន្តែមិនបានសម្រេចនោះទេ ដោយសារតែមានបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយឃាត់ទាន់ ។
ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចលើស្ពានជ្រោយចង្វាចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
បុរសរងគ្រោះខាងលើ មិនស្គាល់អត្តសញ្ញាណនោះទេ មានអាយុ២២ឆ្នាំ ។


តាមប្រភពពីបុរសជាអ្នករត់ម៉ូតូរឺម៉កកង់បីឥណ្ឌាម្នាក់ដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ គាត់ឃើញបុរសម្នាក់ខាងលើ ជិះម៉ូតូម៉ួយគ្រឿងម៉ាកវ៉េវ ស៊េរីចាស់ ពណ៌ក្រហម ធ្វើដំណើរឡើងស្ពានជ្រោយចង្វាចាស់ ក្នុងទិសដៅពីលិចទៅកើត រួចមកឈប់លើស្ពាន ហើយបុរសរូបនោះឡើងឈរលើបង្កាន់ដៃស្ពានបម្រុងលោ.តទឹក ។ នៅពេលឃើញហេតុការណ៍បែបនេះ គាត់ក៏រត់ស្ទុះទៅជួយចាប់និងប្រទាញប្រទង់គ្នាទៅវិញទៅមក រហូតរហែកអាវបុរសរងគ្រោះ បន្ទាប់មកក៏មានបងប្អូនប្រជាពលរដ្ឋផ្សេងទៀតមកជួយឃាត់បាន ហើយប្តឹងសមត្ថកិច្ចប្រចាំការនៅគោលដៅស្ពានជ្រោយចង្វារអោយចុះមកជួយអន្តរាគមន៍ឃាត់បន្ត។


តាមប្រភពពីបុរសរងគ្រោះបានរៀបរាប់ប្រាប់ឱ្យដឹងពីទុក្ខលំបាករបស់ខ្លួនថា រាល់ថ្ងៃគាត់មានវិបត្តិគ្រួសារច្រើនឆ្នាំមកហើយ បើរៀបរាប់ពេញមួយយប់ក៏មិនអស់ដែរ ។ បុរសរងគ្រោះបានប្រាប់ខ្លីៗអោយដឹងថា រាល់ថ្ងៃនេះគាត់មានប្រពន្ធម្នាក់រស់នៅជាមួយគ្នា៣ឆ្នាំកន្លងមកហើយ មិនទាន់បានរៀបការពេញច្បាប់ទេ ហើយរាល់ថ្ងៃនេះគាត់ត្រូវទទួលរងនូវពាក្យប្រមាថមើលងាយពីម្តាយឪពុកខាងស្រី មើលងាយគាត់ថាជាអ្នកក្រ ជាមនុស្សគ្មានសមត្ថភាព មិនអាចរកប្រាក់ដើម្បីរៀបការជាមួយកូនស្រីរបស់ពួកគាត់ ដើម្បីបំពេញមុខមាត់គ្រួសារ ថែមទាំងបានទាមទារយកកូនស្រីត្រឡប់ទៅវិញទៀត ។ ចំណែកប្រពន្ធរបស់គាត់វិញ មួយរយៈចុងក្រោយនេះ ក៏រាងរកាំរកូសជាមួយគាត់ទៀត ចំណែកឪពុកម្ដាយបង្កើតរបស់គាត់ ក៏មើលងាយគាត់ទៀត ចូលដល់ក្នុងផ្ទះពេលណា ឮតែសម្លេងស្តីបន្ទោស ធ្វើអោយគាត់ធុញថប់ខ្លាំងណាស់ ។


បុរសរងគ្រោះបានបន្តទៀតថា នៅយប់ថ្ងៃកើតហេតុ គាត់ក៏បានផឹកស្រាស្រវឹង លុះពេលត្រឡប់មកដល់ផ្ទះវិញ ក៏ប៉ះពារពាក្យសម្តីជាមួយម្តាយបង្កើត ក៏ត្រូវម្តាយទះកំផ្លៀងគាត់ចំនួន១០កំផ្លៀង ធ្វើអោយគាត់តូចចិត្តនឹងមនុស្សជុំវិញខ្លួន ដែលមិនយល់ពីអារម្មណ៍របស់គាត់ ក៏សម្រេចចិត្តជិះម៉ូតូពីផ្ទះនៅសង្កាត់ក្រាំងធ្នង់ ក្នុងខណ្ឌសែនសុខ មកលើស្ពានជ្រោយចង្វាចាស់ ដើម្បីលោ.តទឹក បញ្ចប់រឿងរ៉ាវស្មុគស្មាញគ្រប់យ៉ាងអោយចប់ត្រឹមយប់នឹង តែមិនទាន់បានលោ.តទឹកផង ក៏ត្រូវបងប្អូនប្រជាពលរដ្ឋឃាត់គាត់ជាប់តែម្តង រួចនាំទៅប្រគល់អោយសមត្ថកិច្ចជួយអន្តរាគមន៍អប់រំណែនាំបន្ត។


បន្ទាប់ពីឃាត់បុរសរងគ្រោះខាងលើរួចហើយ ត្រូវបានសមត្ថកិច្ចនាំចុះមកខាងក្រោមនៅគល់ស្ពានត្រើយខាងកើត កន្លែងគោលដៅប្រចាំការរបស់កម្លាំងអន្តរាគមន៍ពិសេសខណ្ឌជ្រោយចង្វារ និងអោយបុរសរងគ្រោះរូបនោះអង្គុយសម្រាកមួយសន្ទុះ និងនិយាយអប់រំណែនាំនូវដំបូន្មានល្អៗ រហូតដល់បុរសរងគ្រោះរូបនោះស្វាងស្រា លែងមានគំនិតបែបនេះទៀត ក៏អនុញ្ញាតអោយបុរសរងគ្រោះរូបនោះជិះម៉ូតូត្រឡប់ទៅផ្ទះវិញបាត់ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram