ក្រុមអាជីវកររកស៉ីជ្រូកនៅតាមរាជធានី-ខេត្តមួយចំនួនមានគ្នាជាង៥០០នាក់ តាមរយៈសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា បានស្នើសុំលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ចាត់វិធានការទប់ស្កាត់ការផ្ទេរសិទ្ធិនាំសត្វជ្រូករស់ពីថៃ និងបន្ថូរបន្ថយថ្លៃដើមក្នុងគោលដៅផ្តាច់មុខ ..

ព័ត៌មានពីក្រុមអាជីវករបានឲ្យដឹងថា បច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួន៧ ដែលបានទទួលការអនុញ្ញាតពីក្រសួងកសិកម្ម ក្នុងការរកស៉ីនាំជ្រូករស់ ចូលពីប្រទេសថៃ តែមានឈ្មួញម្នាក់ដែលគេស្គាល់ឈ្មោះឧកញ៉ា លឹម សុផល បានកាន់កាប់ផ្តាច់មុខចំនួន៦ក្រុមហ៊ុនទៅហើយ ធ្វើឲ្យឈ្មួញរូបនេះតម្លើងថ្លៃស្រេចនឹងចិត្ត។

យោងតាមលិខិតមួយច្បាប់របស់សមាគមផ្គត់ផ្គង់ជ្រូកកម្ពុជាចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ដែលបានស្នើសុំទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម បានរៀបរាប់ថា បន្ទាប់ពីក្រុមហ៊ុនមួយចំនួនបានទទួលលិខិតអនុញ្ញាតពីក្រសួងកសិកម្ម ដើម្បីនាំចូលសត្វជ្រូករស់ពីប្រទេសថៃ សមាគម សង្កេតឃើញថា ក្រុមហ៊ុនមួយចំនួន បានផ្ទេរសិទ្ធិនាំចូលសត្វជ្រូករស់ពីប្រទេសថៃទៅឲ្យអាជីវករម្នាក់ទៀត (ឧកញ៉ា លឹម សុផល) ដែលដើរប្រមូលយកសិទ្ធិនាំចូលដើម្បីគ្រប់គ្រង ការនាំចូលសត្វជ្រូករស់តែម្នាក់ឯង ដែលផ្ទុយពីគោលការណ៍របស់ក្រសួងដែលធ្លាប់បានណែនាំកន្លងមក។

សមាគមផ្គត់ផ្គង់ជ្រូកកម្ពុជាអះអាងទៀតថា សមាគមពិនិត្យឃើញថា ក្រសួងមិនបានបន្តអនុញ្ញាតឲ្យក្រុមហ៊ុនមួយចំនួនដែលធ្លាប់នាំសត្វជ្រូកពី ប្រទេសថៃកន្លងមក តែបែរជាបន្តការអនុញ្ញាតឲ្យក្រុមហ៊ុនថ្មីៗទៅវិញ។

ករណីនេះធ្វើឲ្យទីផ្សារសត្វជ្រូកមិនមានស្ថេរភាពល្អ ហើយអាចធ្វើឲ្យបុគ្គលមួយចំនួនក្តោបក្តាប់ទីផ្សារសត្វជ្រូកផ្តាច់មុខតែម្នាក់ឯងក្នុងប្រទេសកម្ពុជា ហើយបណ្តាលឲ្យសាច់ជ្រូកឡើងថ្លៃខុសប្រក្រតីនៅលើទីផ្សារ និងធ្វើឲ្យបាត់បង់ឱកាសនៃការប្រកួតប្រជែងតម្លៃនៅក្នុងទីផ្សារសេរី ដែលធ្វើឲ្យមានផលប៉ះពាល់មួយចំណែកធំដល់ប្រជាជនកម្ពុជា។

ជាមួយគ្នានេះ សមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា ស្នើសុំរដ្ឋមន្ត្រីក្រសួងកសិកម្មមេត្តាទប់ស្កាត់នូវការផ្ទេរសិទ្ធិនាំចូលសត្វជ្រូករស់ពីប្រទេសថៃតាមគ្រប់រូបភាព និងស្នើសុំឲ្យក្រសួងកសិកម្មកុំទទួលស្គាល់គ្រប់ទម្រង់នៃការផ្ទេរនូវសិទ្ធិលិខិតអនុញ្ញាត ឬ អាជ្ញាប័ណ្ណនៃការនាំចូលណាមួយឡើយ ដើម្បីធានាបាននូវនិរន្តរភាពនៃការប្រកួតប្រជែងតម្លៃ ដោយស្មើភាពនិងស្មោះត្រង់ និងជាប្រយោជន៍របស់ប្រជាពលរដ្ឋ។

ឆ្លើយតបទៅនឹងការស្នើសុំរបស់សមាគមផ្គត់ផ្គង់ជ្រូកកម្ពុជាខាងលើ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ លោក ស្រី វុឌ្ឍី អគ្គលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានចេញលិខិតឆ្លើយតបលិខិតរបស់សមាគមផ្គង់ផ្គត់ជ្រូកកម្ពុជា ដោយក្រសួងកសិកម្មយោងលើអនុសាសន៏ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោហ៊ុន សែន ឲ្យត្រួតពិនិត្យលទ្ធភាពកាត់បន្ថយការនាំចូល ជាពិសេសបន្លែនិងសាច់សត្វពីប្រទេសជិតខាង ជំនួសវិញដោយការពង្រឹង និងពង្រីកការដាំដុះ និងចិញ្ចឹមសត្វក្នុងស្រុក។

ក្រោយទទួលបានអនុសាសន៏នេះ ក្រសួងបានធ្វើបច្ចុប្បន្នភាពនៃតម្រូវការក្នុងស្រុកធៀបនឹងផលិតភាពក្នុងស្រុក និងបរិមាណនៃការនាំចូល ហើយបានសម្រេចកាត់បន្ថយការនាំចូលជ្រូករស់សរុប៧០% ពីគ្រប់ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតនាំចូលទាំងអស់ស្មើៗគ្នា ព្រមទាំងបានពង្រឹងការអនុវត្តច្បាប់សំដៅទប់ស្កាត់ចលនាសត្វខុសច្បាប់ផងដែរ។

ដើម្បីជៀសវាងការដឹកជញ្ជូនជ្រូកអនាធិបតេយ្យ និងគ្រប់គ្រងការនាំចូលេជ្រូករស់ ពីប្រទេសជិតខាងមកផ្គត់ផ្គង់ក្នុងស្រុកគឺក្រសួងមិនអនុញ្ញាតឲ្យក្រុមហ៊ុន បានសិទ្ធិនាំចូលលក់គោលការណ៏បន្តទៅក្រុមហ៊ុនផ្សេងឡើយ ហើយករណីនេះក្រសួងនឹងចាត់វិធានការតាមនីតិវិធី។

បច្ចុប្បន្នក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតនាំចូលជ្រូករស់មានចំនួន៧ ហើយក្រសួងក៏ពុំទាន់បានលប់គោលការណ៏ក្រុមហ៊ុនចាស់ៗណាមួយនៅឡើយទេ។

ដោយឡែកក្រសួងបានផ្អាកការនាំចូលជ្រូករស់ជាបណ្ដោះអាសន្នរបស់ក្រុមហ៊ុនចំនួន២នាពេលថ្មីៗនេះ គឺដោយសារក្រុមហ៊ុនទាំងនោះបានប្រព្រឹត្តបទល្មើស ម្ដងហើយម្ដងទៀតមិនព្រមរាងចាល។

សូមបញ្ជាក់ថា ក្រុមទាំង៧ដែលទទួលបានសិទ្ធិនាំចូលជ្រូករស់រួមមាន៖ ក្រុមហ៊ុនលឹម ស៊ីវម៊ី , ក្រុមហ៊ុនអិមអីម អេហ្គ្រីខលឈ័រ , ក្រុមហ៊ុនហ្វាញ ខេមបូឌា , ក្រុមហ៊ុនចាន់ធូ មានជ័យ អ៊ីមផតអិចផត, ក្រុមហ៊ុនអង្គរ សុខ សែន ជ័យ, ក្រុមហ៊ុន៣ ធីអេច និងក្រុមហ៊ុន ដានី ដេងអ៊ីម ផតអិចផត។ ក្នុងចំណោមក្រុមហ៊ុនទាំង៧ខាងលើ គឺមានក្រុមហ៊ុន៦ហើយដែលមានម្ចាស់តែម្នាក់តាមរយៈទិញសិទ្ធិគឺ ឧកញ៉ា លឹម សុផល ។
ដោយឡែកក្រុមហ៊ុនដែលមិនបានលក់សិទ្ធិគឺក្រុមហ៊ុន ដានី ដេងអ៊ីម ផតអិចផត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram