គ្រោះទឹកជំនន់ផ្តាច់ជីវិតមនុស្សកើនដល់២៧នាក់ នៅតួកគី

(កង់បេរ៉ា)៖ ក្រុមអ្នកជួយសង្គ្រោះបន្ទាន់ នាថ្ងៃសុក្រនេះ បាននិងកំពុងខិតខំប្រឹងប្រែងបំពេញប្រតិបត្តិការ នៅតាមតំបន់រងគ្រោះទឹកជំនន់ ក្នុងប្រទេសតួកគី ដែលជាប់សមុទ្រខ្មៅ ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៧នាក់ហើយ នៅក្នុងគ្រោះធម្មជាតិទី២ ដែលបានវាយប្រហារតួកគី នៅក្នុងខែសីហានេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១។


វាជាគ្រោះទឹកជំនន់ដ៏អាក្រក់មួយ ដែលប្រទេសតួកគីបានធ្លាប់បានឆ្លងកាត់ ហើយវាបានបង្កភាពវឹកវរ នៅខេត្តភាគខាងជើង ខណៈអាជ្ញាធរប្រកាសពី ភាពធូរស្រាលនៃភ្លើងឆេះព្រៃ ដែលបានឆាបឆេះតំបន់ឆ្នេរភាគខាងត្បូង អស់រយៈពេល ០២សប្តាហ៍មកនេះ។


ភ្លៀងធ្លាក់ខ្លាំង បានជន់លិចរថយន្តរាប់សិបគ្រឿង ហើយស្ពានជាច្រើនកន្លែង ត្រូវបានបំផ្លាញ ផ្លូវថ្នល់ត្រូវបានបិទ និងចរន្តអគ្គិសនីត្រូវបានកាត់ផ្តាច់។ បើតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា ប្រធានាធិបតីតួកគី លោក តាយយីព អឺដូហ្គាន់ (Tayyip Erdogan) នឹងធ្វើទស្សនកិច្ចទៅកាន់តំបន់រងគ្រោះ នៅថ្ងៃសុក្រនេះ។


ជុំវិញបញ្ហានេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃតួកគី លោក ស៊ូឡេយម៉ាន់ សយលូ (Suleyman Soylu) បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន កាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា «នេះគឺជាគ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់បំផុត ដែលខ្ញុំបានឃើញ។ ហានិភ័យដែលប្រជាពលរដ្ឋរបស់យើងត្រូវប្រឈម គឺខ្ពស់ណាស់ ហើយវាបានបង្កឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើន»។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram