ប្រកាសចូលកាន់តំណែងអភិបាលស្រុកសំបូរ ខេត្តក្រចេះ, លោក សូម សារិត ជំនួសលោក ហង្ស ចាន់ឌី ត្រូវតែងតាំងជាអភិបាលរងខេត្តក្រចេះ

(ក្រចេះ)៖ លោក សូម សារិត អតីតអភិបាលស្រុកសំបូរ ត្រូវបានផ្ទេរភារកិច្ចមកជាអភិបាលស្រុកព្រែកប្រសព្វ ជំនួសលោក ហង្ស ចាន់ឌី ត្រូវបានតែងតាំងជាអភិបាលរងខេត្តក្រចេះ ដែលពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ។


នាឱកាសនោះដែរ លោក វ៉ា ថន បានបញ្ជាក់នៅមុខមន្រ្តីទាំងអស់ថា «ការអនុវត្តនូវគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព គឺជាកម្លាំងចលករនៃការរក្សាបាននូវការអភិវឌ្ឍមូលដ្ឋាន និងប្រទេសជាតិ ដែលតម្រូវឱ្យមានការចូលរួមពីយើងទាំងអស់គ្នា មិនថាអាជ្ញាធរ ឬប្រជាពលរដ្ឋនោះទេ ហើយសូមបន្តចូលរួមថែរក្សាការពារប្រទេសជាតិដែលមានសុខសន្តិភាពនេះ ឱ្យគង់វង្សតទៅទៀត ដើម្បីទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ និងសេដ្ឋកិច្ចមានការរីកចម្រើន»។
លោកអភិបាលខេត្ត បានបន្ថែមថា អភិបាលស្រុកថ្មី ដែលប្រកាសចូលកាន់តំណែងនាពេលនេះ ត្រូវប្រកាន់ភ្ជាប់នូវអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គី «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងបាវចនាពីរគឺ «កែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ» ដោយស្មារតីឯករាជ្យ, ត្រូវបន្តថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជាកត្តាគន្លឹះសម្រាប់បង្កបរិយាកាសលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការលើកស្ទួយសិទ្ធិសេរីភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម, ត្រូវយកចិត្តទុកដាក់លើការងារសន្តិសុខ អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព, ត្រូវបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សំដៅអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ប្រកបដោយចីរភាព ពង្រឹងសុខដុមនីយកម្មសង្គម និងជំរុញការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដែលមានលក្ខណៈសម្បត្តិ៧យ៉ាង។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានស្នើសុំដល់លោកមេឃុំទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ដឹកនាំនគរបាលប៉ុស្តិ៍រដ្ឋបាល និងសហការជាមួយអ្នកពាក់ព័ន្ធ ដើម្បីចូលរួមទប់ស្កាត់នៅតាមមូលដ្ឋានរបស់ខ្លួនអំពីបញ្ហាបទល្មើសនានា នៅក្នុងស្រុក និងពង្រឹងការដោះស្រាយសម្របសម្រួលបញ្ហាវិវាទ និងទំនាស់ក្រៅប្រព័ន្ធតុលាការ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram