រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានរុះរើតូបប្រជាពលរដ្ឋសាងសង់លើផ្លូវសាធារណៈ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១
ភ្នំពេញ៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានរុះរើតូបប្រជាពលរដ្ឋសាងសង់លើផ្លូវសាធារណៈ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នៅផ្លូវបេតុង ហៅផ្សារ វិតមីន ជាប់របងសួនកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មានពីរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានអោយដឹងថា បន្ទាប់ពីសេចក្ដីជូនដំណឹងអស់រយៈពេលមួយសប្ដាហ៍កន្លងមកហើយ សូមអោយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅនឹងប្រជាពលរដ្ឋ ដែលសាងសង់តូបលក់ដូរនៅផ្លូវសាធារណៈ ធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់ សោភ័ណ្ឌភាព និងសុវត្ថិភាពសាធារណៈ។

អាជ្ញាធរ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋអាជីវករទាំងអស់ ដែលលក់ដូរ និងសាងសង់តូបលក់ដូររំលោភលើដីចំណីផ្លូវសាធារណៈ ត្រូវរុះរើចេញអោយអស់ ក្នុងរយៈពេល ៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនសេចក្ដីជូនដំណឹង នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១។
នៅវេលាម៉ោង ១០យប់ ថ្ងៃទី១១ ខែសីហា ប្រជាពលរដ្ឋ នៅតែមិនព្រមរុះរើចេញ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំកំលាំង ចុះមករុះរើភ្លាមៗ ក្នុងនោះ តូបអាជីវករ មានចំនួន ១១១តូប មានគ្រឿងចក្រចំនួន ២គ្រឿង សំរាប់រុះរើ ដោយប្រើពេលវេលាចំនួនរយៈពេល ១ម៉ោង ដោយជោគជ័យ។

ចំណែកបងប្អូនប្រជាពលរដ្ឋ ខណៈពេលរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានរុះរើ និងកំទេចរួច ដោយមានការសោកស្ដាយយ៉ាងខ្លាំងអ្នកខ្លះ ជេរប្រមាថ និងដាក់ទំនាយ ទៅរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ យ៉ាងខ្លាំង ដោយសារពួកគាត់ សុំមួយយប់ទៀត តែកម្លាំងគណៈបញ្ជាការ មិនព្រម នៅតែរុះរើតែម្តង៕



