អ្នកផឹកស៊ីបំពានវិធានការរដ្ឋបាល ប្រុសស្រី ១២នាក់ និងថៅកែហាង ២នាក់ ត្រូវបញ្ជូន ទៅតុលាការ

រាជធានីភ្នំពេញ៖ ក្រុមអ្នកផឹកស៊ីបំពានវិធានការរដ្ឋបាលរបស់អាជ្ញាធរ ប្រុសស្រី ១៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នេះ ដើម្បីចាត់ការតាមនីតិវិធី។សូមជម្រាបថា កាលពីវេលាម៉ោង ២២យប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក ពេជ្រ កែវមុន្នី អភិបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងចុះបង្ក្រាបក្នុងបទល្មើសជាក់ស្តែងមួយ ស្ថិតនៅទីតាំង ភោជនីយដ្ឋានផ្ទះឈើម្ហូបខ្មែរថៃ ក្នុងដីឡូត៍លេខ១៤៣ ផ្លូវបេតុង ក្រុម៣ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស មិនគោរពវិធានការរដ្ឋបាល (បើកហាងទទួលឲ្យភ្ញៀវផឹកស៊ី និងផឹកស៊ីល្មើសនឹងវិធានការរដ្ឋបាល និងវិធានការសុខាភិបាល)។ ពេលនោះ សមត្ថកិច្ចគណៈបញ្ជាការឯកភាព បានធ្វើការឃាត់ខ្លួនមនុស្សចំនួន ១៤នាក់ ប្រុស ៩នាក់ និងស្រី ៥នាក់ ក្នុងនោះ មានថៅកែហាង ២នាក់ បុគ្គលិកហាង ៤នាក់ និងភ្ញៀវចំនួន ៨នាក់ ហើយដកហូតម៉ូតូចំនួន៦ គ្រឿង។


ម៉ូតូ ដែលដកហូត រួមមាន៖ ១.ម៉ូតូម៉ាកហុងដា PCX ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 1GC 6009 ២.ម៉ូតូម៉ាកហុងដា CUB ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1CL1759 ៣.ម៉ូតូម៉ាកហុងដា SCOPPY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IO 1293 ៤.ម៉ូតូម៉ាកហុងដា CLICK ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 1IV 8670 ៥.ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GM 1326 ៦.ម៉ូតូម៉ាកហុងដា SCOPPY ពណ៌ ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1BO 9077។
ក្រោយពេលឃាត់ខ្លួន មនុស្សទាំង ១៤នាក់នោះ ក្រោមការឯកភាពពីគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ជនពាក់ព័ន្ធ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការតាមនីតិវិធី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram