ផ្គើនបំរាម! បង្ក្រាបហាងផឹកស៊ីផ្ទះឈើម្ហូបខ្មែរ-ថៃ ឃាត់ខ្លួនប្រុសស្រី១៤នាក់

រាជធានីភ្នំពេញ ៖ ហាងផឹកស៊ីផ្ទះឈើម្ហូបខ្មែរ-ថៃមួយកន្លែង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះបង្ក្រាប បន្ទាប់ពីហាងមួយនោះបានលួចលាក់បើកដំណើរការទទួលភ្ញៀវបំពាននឹងសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។ ការចុះបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចហាងផឹកស៊ីផ្ទះឈើម្ហូបខ្មែរ-ថៃ ផ្លូវបេតុង២០MC ស្ថិតក្នុងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។


ប្រតិបត្តិការចុះបង្ក្រាបខាងលើនេះ ធ្វើឡើងក្រោមវត្តមានលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានធ្វើការដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាបទីតាំងកន្លែងកើតហេតុជាក់ស្ដែង។ បន្ទាប់ពីកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានធ្វើការជិះល្បាតក្នុងភូមិសាស្ត្រ និងប្រទះឃើញទីតាំងខាងលើ កំពុងបើកដំណើរការ ក៏បានចុះត្រួតពិនិត្យ ហើយរកឃើញថា មានការទទួលភ្ញៀវចូលទៅជួបជុំគ្នាផឹកស៊ីនៅខាងក្នុងហាងប្រាកដមែន ប៉ុន្តែមិនមានការចាក់ភ្លេង ឬច្រៀងលេងកម្សាន្តនោះទេ។


ដែលខាងលើនេះ គឺជាបំពាននឹងសេចក្ដីសម្រេចលេខ២៤៩/២១ សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ហេតុដូចនេះ កម្លាំងគណៈបញ្ជាការឯកភាពបានសម្រេចបិទអាជីវកម្មទាំងស្រុង ដើម្បីរង់ចាំមានការជូនដំណឹងសាជាថ្មី។\


ហើយខណៈពេលចុះបង្ក្រាបហាងផឹកស៊ីខារ៉ាអូខេខាងលើនោះ កម្លាំងគណៈបញ្ជាការឯកភាព ក៏បានធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន១៤នាក់ ក្នុងនោះមានប្រុសចំនួន៩នាក់ជាភ្ញៀវ ស្រីចំនួន៥នាក់ជាបុគ្គលិក និងថៅកែហាងផងដែរ។
បច្ចុប្បន្នជនដែលឃាត់ខ្លួនទាំង១៤នាក់នោះ ត្រូវបានក្រុមគ្រូពេទ្យជំនាញចុះយកសំណាកតេស្តរកមេរោគកូវីដ១៩ រួចក៏ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ នាំខ្លួនយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង រង់ចាំចាត់ការទៅតាមនីតិវិធីជាបន្តទៀត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram