ស៊ីន ATM របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ត្រូវបានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ

រាជធានីភ្នំពេញ ៖ ម៉ាស៊ីន ATM របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ត្រូវបានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យរាលដាលដល់ប្រអប់កុងទ័រភ្លើងនៅលើបង្គោល រួមទាំងស្លាកយីហោហាងPIZZA PEZZO និងហាង Peach Tea ទៀតផង ដែលគេសង្ស័យថា អាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចទល់មុខទីស្ដីការក្រសួងសុខាភិបាល តាមបណ្ដោយផ្លូវ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។


តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ាស៊ីន ATM មួយគ្រឿងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានបើកដំណើរការជាធម្មតា ខណៈដែលហាងទាំងពីរនៅខាងក្រោយម៉ាស៊ីន ATM នោះ បានបិទទ្វារសំរាកលែងដំណើរការទៅហើយ។


ប្រភពដដែលបន្តថា លុះមកដល់វេលាកើតហេតុ ក៏ស្រាប់តែមានផ្សែងហុយខ្មួលខ្មាញ់លាយឡំនឹងអណ្តាតភ្លើងឆាបឆេះចេញពីម៉ាស៊ីន ATM បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញនោះ ហើយនាំគ្នារាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យឲ្យចុះមកធ្វើការអន្តរាគមន៍។


ប្រភពដដែលបន្តថា ប៉ុន្តែដោយសារស្ថានភាពភ្លើងឆាបឆេះខ្លាំងពេក ថែមទាំងមានការផ្ទុះបែកផ្កាភ្លើងទៀត ធ្វើឲ្យប្រជាពលរដ្ឋមិនហ៊ានយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ភ្លាមនោះទេ ធ្វើឲ្យអណ្តាតភ្លើងបានឆាបឆេះរាលដាលដល់ប្រអប់កុងទ័រភ្លើងនៅលើបង្គោលថ្មដែលនៅជិតនឹងម៉ាស៊ីន ATM រួមទាំងឆេះរាលដាលដល់ស្លាកយីហោហាងទាំងពីរបន្ថែមទៀត ធ្វើឲ្យអណ្តាតភ្លើងឆាបឆេះកាន់តែខ្លាំងឡើងៗ។


ប្រភពដដែលបន្តទៀតថា ស្របពេលនោះដែរ ក៏មានសមត្ថកិច្ចមូលដ្ឋាន រួមទាំងរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន៦គ្រឿង រួចបានមកជួយបាញ់ទឹកពន្លត់អស់ទឹកចំនួន២រថយន្ត ទើបអណ្តាតភ្លើងរលត់ទៅវិញជាស្ថាពរ គឺរលត់នៅម៉ោង១និង៤៥នាទីរំលងអធ្រាត្រនៅថ្ងៃដដែល។
ចំណែកសមត្ថកិច្ចក៏បានឲ្យដឹងដែរថា ហេតុការណ៍ខាងលើនេះ មិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ គឺឆេះខូចខាតស្លាកយីហោហាង PIZZA PEZZO ហាង Peach Tea និងសម្ភារៈរបស់ហាងមួយចំនួនតូច ចំណែកឯម៉ាស៊ីន ATM វិញ បានរងការខូចខាតស្ទើរទាំងស្រុងទៅហើយ។ ចំពោះមូលហេតុវិញ សមត្ថកិច្ចបានសន្និដ្ឋានថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនីចេញពីម៉ាស៊ីន ATM ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram