ករណី ខ្យល់កន្ត្រាក់ បានបក់បោកយ៉ាងខ្លាំង បណ្ដាលឲ្យបង្គោលភ្លើងចំនួន ២៨ដើម ដែលស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ

ភ្នំពេញ៖ ខ្យល់កន្ត្រាក់ បានបក់បោកយ៉ាងខ្លាំង កាលពីវេលាម៉ោង ៥ និង ១៥នាទី ល្ងាច ថ្ងៃទី១៩ ខែកក្កដានេះ បណ្ដាលឲ្យបង្គោលភ្លើងចំនួន ២៨ដើម ដែលស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ចាប់ពីមុខក្លឹបវាយកូនហ្គោល រ៉ូយ៉ាល់ ភ្នំពេញ ក្នុងភូមិសំរោង ទៅដល់ភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បង្គោលភ្លើងទាំងនោះ បានបាក់ដួលរលំ និងធ្លាក់ខ្សែភ្លើងរាយប៉ាយពេញដី។ ចំណែកដើមឈើមួយចំនួន ក៏បានដួលរលំផងដែរ។


ប្រជាពលរដ្ឋ បាននិយាយថា នៅវេលាល្ងាចថ្ងៃទី១៩កក្កដានេះ មេឃបានចាប់ផ្ដើមងងឹតយ៉ាងខ្លាំង រកកល់ចង់ភ្លៀង ខណៈនោះពួកគាត់ បាននាំគ្នាប្រមូលសម្លៀកបំពាក់ និងសម្ភារៈផ្សេង ដែលហាលនៅក្រៅផ្ទះ យកទុកក្នុងផ្ទះ ព្រោះខ្លាចភ្លៀងទទឹក។ ប៉ុន្តែក្រោយមក មេឃអត់មានភ្លៀងឡើយ ស្រាប់តែមានខ្យល់កន្ត្រាក់ កើតឡើង បក់បោកយ៉ាងខ្លាំង គួរឲ្យខ្លាចទៅវិញ។ ពេលនោះ ពួកគាត់អត់ហ៊ានចេញក្រៅផ្ទះឡើយ ព្រោះខ្លាចមានគ្រោះថ្នាក់ដល់ជីវិត។


ប្រភពដដែល បានបន្តថា ខ្យល់កន្ត្រាក់ មានរយៈពេលប្រមាណត្រឹមតែជាង ១០នាទីប៉ុណ្ណោះ ក៏បានស្ងប់ស្ងាត់ទៅវិញ ទើបពួកគាត់ហ៊ានចេញក្រៅផ្ទះ ហើយបានឃើញបង្គោលភ្លើង បាក់ដួលរលំជាច្រើនដើម។ ប៉ុន្តែពួកគាត់ ក៏ពុំហ៊ានចូលទៅជិតទេ ព្រោះខ្លាចមានគ្រោះថ្នាក់ ត្រូវខ្សែភ្លើងឆក់ បានត្រឹមតែជួយរាយការណ៍ ជូននគរបាល ឲ្យចុះទៅពិនិត្យមើលតែប៉ុណ្ណោះ។

នគរបាល បាននិយាយថា នៅល្ងាចថ្ងៃទី១៩កក្កដានេះ ពិតជាមានខ្យល់កន្ត្រាក់បក់បោកខ្លាំងមែន ហើយក្រោយពេលស្ងប់ស្ងាត់ខ្យល់ មានប្រជាពលរដ្ឋរាយការណ៍ថា មានបង្គោលភ្លើង បាក់ច្រើនដើម ពេលនោះ កម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម ក៏បានចុះទៅពិនិត្យមើល ហើយបានរាប់ចំនួន ឃើញបង្គោលភ្លើង ដែលបាក់សរុបចំនួន ២៨ដើម។
ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ខាងនគរបាល បានរាយការណ៍ភ្លាមៗ ទៅកាន់ខាងមន្ត្រីអគ្គិសនី ដើម្បីបិទភ្លើង និងចុះមកពិនិត្យ ជួសជុលឡើងវិញ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram