ការជីកស្តារប្រឡាយម័លនៅក្នុងភូមិសាស្ត្រភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ សម្រេចបានប្រមាណ៨០ភាគរយហើយ
រាជធានីភ្នំពេញ ៖ ការជីកស្តារប្រឡាយម័លនៅក្នុងភូមិសាស្ត្រភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ដែលមានប្រវែងជិត៣គីឡូម៉ែត្រ មកដល់ពេលនេះ សម្រេចបានប្រមាណ៨០ភាគរយហើយ គ្រោងរួចរាល់នៅខែសីហា បើទោះបីជួបការលំបាកមួយចំនួន ពិសេសមិនមានផ្លូវសងខាងសម្រាប់ដាក់គ្រឿងចក្រចូលជីក ស្តារ ស្ពានកាត់ទទឹងប្រឡាយច្រើននិងអាជ្ញាធរខណ្ឌដង្កោមិនជួយសហការ ។


លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី១៩ កក្កដា នេះថា ក្រោមការណែនាំរបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញបាននឹងកំពុងធ្វើសកម្មភាពស្តារប្រឡាយម័ល ដោយចាប់ផ្តើមស្តារ កាលពីថ្ងៃទី១៨កុម្ភៈឆ្នាំ២០២១ មានប្រវែង២៨១៥ម៉ែត្រ និងទទឺងចាប់ពី២០ម៉ែត្រទៅ៣០ម៉ែត្រ ចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន ហើយបើគិតមកដល់ថ្ងៃទី១៩ កក្កដា នេះ ការងារស្តារប្រឡាយម័លសម្រេចបាន ៨០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅចុងខែសីហាឆ្នាំ២០២១ខាងមុខនេះ ដើម្បីរំដោះការលិចលង់ ភូមិដ្ខានប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ។

លោកបានបន្តថា ការជីកស្តារប្រឡាយម័លនៅពេលនេះ គឺពិតជាមានការលំបាកខ្លាំង ដោយសារតែ មិនមានផ្លូវសងខាង សម្រាប់ដាក់គ្រឿងចក្រចូលជីក ស្តារ ស្ពានកាត់ទទឹងប្រឡាយច្រើន ។ លោកស្នើសុំឱ្យអាជ្ញាធរខណ្ឌដង្កោជួយសហការក្នុងការសម្របសម្រួលជាមួយប្រជាពលរដ្ឋ ដើម្បីឱ្យការងារនេះបានរួចរាល់ទៅតាមគម្រោងដែលបានគ្រោងទុក។

លោកបានបញ្ជាក់ថា ប្រឡាយម័លនេះពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីភូមិដ្ឋានប្រជាពលរដ្ឋ ដោយបានរំដោះទឹកភ្លៀងមួយផ្នែកខ្លះនៃខណ្ឌដង្កោ ខណ្ឌពោធិសែនជ័យនិងខណ្ឌមានជ័យ ។
សូមបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ បើទោះបីបាននឹងកំពុងរីករាលដាលនៃជម្ងឺកូវីដ-១៩ក៏ពិតមែន ប៉ុន្តែសកម្មភាពស្តារនិងអភិវឌ្ឍមូលដ្ឋានរាជធានីនៅតែបន្តដដែល គឺដៃម្ខាងធ្វើការអភិវឌ្ឍនិងដៃម្ខាងទៀត ចូលរួមបង្ការនិងទប់ស្កាត់ជម្ងឺកូវីដ-១៩តែម្តង៕





