F1 នឹងប្រណាំងនៅទីលាន Austin’s Circuit របស់សហរដ្ឋអាមេរិក រហូតដល់យ៉ាងហោចណាស់ឆ្នាំ២០២៦
(អូស្ទីន)៖ ទីលានប្រណាំងរថយន្ត Circuit របស់សហរដ្ឋអាមេរិក ដែលស្ថិតនៅទីក្រុង Austin រដ្ឋ Texas នឹងបន្តស្ថិតក្នុងប្រតិទិនរបស់ Formula One ដែលធ្វើជាទីលានប្រកួតព្រឹត្តិការណ៍ US Grand Prix រហូតដល់យ៉ាងហោចណាស់ឆ្នាំ២០២៦ បន្ទាប់ពីបានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចសន្យារយៈពេល ៥ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន CNA នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។

ទីលានប្រណាំង ដែលបានវិលត្រឡប់ចូលទៅកាន់ប្រតិទិនវិញកាលពីរដូវកាលមុន បន្ទាប់ពីឈប់សម្រាកដោយសារជំងឺកូវីដ ១៩នោះ បានឃើញពីតួលេខអ្នកចូលរួមទស្សនាផ្ទាល់ដ៏ច្រើនជាងគេបំផុតក្នុងរដូវកាលនោះ ជាមួយនឹងអ្នកគាំទ្រប្រមាណ ៤០០,០០០នាក់ បានទៅចូលរួមទស្សនាផ្ទាល់នាពេលចុងសប្តាហ៍នោះ។

«United States Grand Prix បានក្លាយជាព្រឹត្តិការណ៍មួយ ក្នុងចំណោមព្រឹត្តិការណ៍ដ៏ធំបំផុត និងអស្ចារ្យផងដែរនៅក្នុងពិភពលោក» នេះបើតាមសម្តីដៃគូស្ថាបនិកទីលាន Austin លោក Bobby Epstein បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍។
គួរជម្រាបថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត U.S. Grand Prix ឆ្នាំ២០២២ គ្រោងនឹងធ្វើនៅថ្ងៃទី២៣ ខែតុលាខាងមុខ៕


