ផ្អាកអាជីវកម្មភោជនីយដ្ឋានយីហោ MOB បណ្តោះអាសន្នដោយសារតែហាងបើកលក់ទទួលភ្ញៀវពពាក់ពពូនគ្នា ចូលផឹកស៊ី មិនគោរពតាមការណែនាំរបស់អាជ្ញាធរខណ្ឌ
រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញបានដឹកនាំកម្លាំងចម្រុះចុះផ្អាកអាជីវកម្មភោជនីយដ្ឋានយីហោ MOB បណ្តោះអាសន្នដោយសារតែហាងបើកលក់ទទួលភ្ញៀវពពាក់ពពូនគ្នា ចូលផឹកស៊ី មិនគោរពតាមការណែនាំរបស់អាជ្ញាធរខណ្ឌក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីម៉ោង១១យប់ថ្ងៃទី១៤ ខែកក្កដា នេះ នៅក្នុងភោជនីយដ្ឋានយីហោ MOB មានទីតាំងនៅតាមបណ្ដោយផ្លូវ214 កែងផ្លូវ 55 សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
លោកអភិបាលរងខណ្ឌដូនពេញដែលដឹកនាំកម្លាំងចម្រុះចុះបិទអាជីវកម្មហាងផឹកស៊ីខាងលើបានជម្រាបប្រាប់ឲ្យដឹងថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងជួបនូវវិបត្តិធ្ងន់ធ្ងរ គឺជំងឺកូវីដ១៩ កំពុងរាតត្បាតយ៉ាងខ្លាំងមិនថា នៅក្នុងរាជធានីភ្នំពេញក៏ដូចជា តាមបណ្តាលខេត្ត ។ ជានិច្ចកាល ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ជាច្រើន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ។

ជាក់ស្ដែង រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចផ្អាកអាជីវកម្មជាច្រើនប្រភេទដែលជាទីតាំងងាយទទួលរងគ្រោះនូវជំងឺកូវីដ១៩ ។ ចំពោះអាជីវកម្មមួយចំនួនធំទៀត រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តអោយដំណើរការធម្មតា តែត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលបានណែនាំ ។

ជាក់ស្តែង ភោជនីយដ្ឋានយីហោ MOB ខាងលើ គឺបើកដំណើរការ ទទួលភ្ញៀវពពាក់ពពូនគ្នាដោយមិនមានការរក្សាគម្លាត និងមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលបានណែនាំ ។ កន្លងមក អាជ្ញាធរមូលដ្ឋានបានចុះមកណែនាំជាច្រើនលើកច្រើនសារ តែភោជនីយដ្ឋានខាងលើ នៅតែមិនស្តាប់តាមការណែនាំនៅយប់ថ្ងៃកើតហេតុ គណៈបញ្ជាការឯកភាពខណ្ឌក៏សម្រេចផ្អាកអាជីវកម្ម ភោជនីយដ្ឋាន យីហោ MOB នោះជាបណ្តោះអាសន្នរងចាំមានការសម្រេចជាថ្មីទើបអនុញ្ញាតឲ្យដំណើរការឡើងវិញ ។ ចំពោះម្ចាស់ហាង ក៏បានទទួលស្គាល់នូវកំហុសឆ្គងខ្លួន និងព្រមអោយអាជ្ញាធរផ្អាកអាជីវកម្មខ្លួនដោយគ្មានលក្ខខណ្ឌ ។

លោកអភិបាលរងបានបន្តទៀតថា កម្លាំងគណៈបញ្ជាការឯកភាព និងបន្តត្រួតពិនិត្យ នៅទីតាំងផ្សេងទៀតនៅក្នុងខណ្ឌ បើមានមានការបើកដំណើរការ អាជីវកម្ម មិនស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល អាជ្ញាធរ និងមានវិធានការផ្អាកអាជីវកម្មទាំងនោះដើម្បីជាការចូលរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ។
ជាចុងក្រោយ លោកអភិបាលរងខណ្ឌដូនពេញក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំទាន់ភ្លេចខ្លួន ជំងឺកូវីដ១៩ មិនទាន់ទៅណាឆ្ងាយពីអ្នកត្រូវតែប្រកាន់ភ្ជាប់ ៣កុំ ៣ការពារទាំងអស់គ្នា ៕

