រដ្ឋបាលខេត្តប៉ៃលិន រកឃើញអ្នកវិជ្ជមានជំងឺកូវីដ ៣ករណី និងបិទខ្ទប់ធនាគារកាណាឌីយ៉ា

ខេត្តប៉ៃលិន៖ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ថា យោងតាមលទ្ធផលធ្វើតេស្តរហ័ស (Rapid Test) របស់ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន ប្រចាំការនៅតាមគោលដៅនីមួយៗ របស់ខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ ១៩ ចំនួន ៣ករណី។ ចំណែកឯរដ្ឋបាលក្រុងប៉ៃលិន ក៏បានចុះបិទខ្ទប់ធនាគារកាណាឌីយ៉ា រយ:ពេល ១៤ថ្ងៃ ដោយគិតចាប់ពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះតទៅ ក្រោយពេលរកឃើញបុគ្គលិកម្នាក់ មានវិជ្ជមានជំងឺដ៏កាចសាហាវនេះ។


សេចក្តីប្រកាស លើកឡើងថា អ្នកកើតជំងឺកូវីដ ១៩ ដែលក្រុមគ្រូពេទ្យរកឃើញទាំង ៣នាក់ មានអត្តសញ្ញាណ ដូចខាងក្រោម៖ ទី១. ឈ្មោះ កែវ ចាន់ធី ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន អ្នកដំណើរមកពីខេត្តកណ្តាល ទី២. ឈ្មោះ តឿម អូន ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិល្បើក ឃុំរុន ស្រុកពួក ខេត្តសៀមរាប ពលករមកពីប្រទេសថៃ និងទី៣. ឈ្មោះ ឈិន លីង (Chen Ling) ភេទប្រុស អាយុ ៣៤ឆ្នាំ ជាជនជាតិចិន ធ្វើដំណើរមកពីខេត្តព្រះសីហនុ។
រដ្ឋបាលខេត្តប៉ៃលិន ក៏សូមអំពាវនាវដល់សាធារណជន និងប្រជាពលរដ្ឋក្នុងខេត្ត និងក្រៅខេត្ត ដែលធ្លាប់ប្រាស្រ័យទាកទងផ្ទាល់ ឬប្រយោលជាមួយអ្នកកើតជំងឺកូវីដ ១៩ ខាងលើ សូមតាមដានសុខភាពជាប្រចាំ បើស្ថិតក្នុងករណីសង្ស័យ ត្រូវរួសរាន់ទៅជួបគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត រៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក)។


អាជ្ញាធរខេត្ត ក៏អំពាវនាវឱ្យសាធារណជនចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ គឺពាក់ម៉ាសនៅគ្រប់ទីសាធារណ: លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល និងរក្សាគម្លាតសុវត្ថិភាពសង្គម ចាប់ពី ១ម៉ែត្រកន្លះឡើងទៅ និង៣កុំ គឺកុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់។


ចំណែកលោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានឱ្យដឹងកាលពីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះថា ធនាគារកាណាឌីយ៉ាមួយកន្លែង ស្ថិតនៅក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃ លិន ខេត្តប៉ៃលិន ត្រូវបានរដ្ឋបាលក្រុងដឹកនាំកម្លាំងចុះបិទខ្ទប់ (ធ្វើចត្តាឡីស័ក) រយ:ពេល ១៤ថ្ងៃដែរ ដោយគិតចាប់ពីថ្ងៃទី១៤ ខែកក្កដា រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ដោយសារតែរកឃើញបុគ្គលិកធ្វើការនៅក្នុងធនាគារនេះ ម្នាក់ មានវិជ្ជមានជំងឺកូវីដ ១៩។


លោកបន្តទៀតថា បុគ្គលិកទាំងអស់របស់ធនាគារនេះ ត្រូវធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ហើយត្រូវតាមដានសុខភាពរបស់ខ្លួន ឱ្យបានដិតដល់ បើមានករណីមិនស្រួលខ្លួន ត្រូវប្រញាប់ទៅពិនិត្យសុខភាព ដើម្បីព្យាបាលឱ្យបានទាន់ពេលវេលា៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram