ករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ PCX និងរថយន្តPrius នៅតាមបណ្ដោយផ្លូវលេខ១០០៣
ភ្នំពេញ៖ នៅវេលាម៉ោង២០និង៤០យប់ថ្ងៃច័ន្ទទី១២ ខែកក្កដា ឆ្នាំ២០២១
មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ PCX និងរថយន្តPrius នៅតាមបណ្ដោយផ្លូវលេខ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីភ្នាក់ងារសកម្មជនហ្វេសប៊ុកកម្ពុជាបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូ PCX ពាក់ផ្លាកលេខភ្នំពេញ 1HM-4949 បើកបរដោយបុរសម្នាក់ដឹកប្រពន្ធនិងកូនតូចមួយ បើកបរពីត្បូងទៅជើង លុះពេលមកដល់ចំណុចកើតហេតុស្រាប់តែអ្នកបើកម៉ូតូPCX វ៉ាក់អឺចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកគូទរថយន្ត Prius ស្លាកលេខ ភ្នំពេញ 2BB-7806 ដែលម្ចាស់រថយន្តចតនៅចិញ្ជើមផ្លូវពីក្រោយបណ្ដាលឱ្យម៉ូតូខ្ទេចមួយកំណាត់មុខ រីឯរថយន្តរងការខូចខាតបន្តិចបន្តួច។

ប្រភពដដែលបន្តថាក្រោយពេលកើតហេតុម្ចាស់រថយន្តPriusបានទារសំណងពីម្ចាស់ម៉ូតូ PCX ចំនួន ២០ដុល្លា ដើម្បីជួសជុលថ្លៃការខូចខាតរថយន្តរបស់ខ្លួន ខណៈនោះម្ចាស់ម៉ូតូ PCX ក៏បានយល់ព្រមសងសំណងចំនួន២០ដុល្លារទៅឲ្យម្ចាស់រថយន្តដើម្បីធ្វើការបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្ដង។
គួរបញ្ជាក់ផងដែរ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបានធ្វើឲ្យប្រពន្ធនិងកូនតូចរងរបួសទេ គ្រាន់តែអ្នកបើកបរម៉ូតូរងរបួសបន្តិចបន្តួច៕


