សមត្ថកិច្ច ចាប់រថយន្តដឹកសត្វជ្រូកចំនួន ២៥ក្បាល ចេញពីប្រទេសថៃ…
បន្ទាយមានជ័យ៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានស្ទាក់ចាប់រថយន្តមួយគ្រឿងដឹកជ្រូករស់ចំនួន ២៥ក្បាល ដែលដឹកចេញពីប្រទេសថៃខុសច្បាប់ ដែលប្រតិបត្តិការនោះ បានធ្វើ ឡើងកាលពីម៉ោង ៥រសៀលរហូតដល់វេលាម៉ោង ៨យប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ដោយមាន ការសម្របសម្រួលពី លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយ មានជ័យ។

យោងតាមចម្លើយរបស់ម្ចាស់រថយន្តដឹកជ្រូក និងតាមការបំភ្លឺពីមន្ត្រីជំនាញនៃការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា រថយន្តដឹកជ្រូកនោះ បានដឹកសត្វជ្រូករស់មកពីប្រទេសថៃ តាមច្រកតំបន់១ ស្ថិតនៅក្នុងភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ គ្រោងដឹកយកទៅចែកចាយនៅតាមបណ្តាខេត្តមួយចំនួន ដោយមិនមានលិខិតអនុញ្ញាតត្រឹមត្រូវ។

សូមបញ្ជាក់ថា៖ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចចាប់បាននៅលើផ្លូវតែហាំង ភូមិគោករកា ឃុំតាប៉ែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ក្រោយពីឃាត់រថយន្តដឹកជ្រូកហើយ សមត្ថកិច្ចបាននាំយកវត្ថុតាង និងបទល្មើសទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងរៀបចំឯកសារដើម្បីចាត់ការតាមនិតិវិធី៕


