កម្ពុជាទទួលបានភ្ញៀវទេសចរជិត ៧ម៉ឺននាក់ នាចុងសប្ដាហ៍ទីពីរនៃខែកក្កដា

រាជធានីភ្នំពេញ៖ ក្នុងថ្ងៃចុងសប្តាហ៍ទីពីរ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៦៩ ៩៣៧ នាក់ ក្នុងនោះ ភ្ញៀវជាតិ ៦៨ ៧៧០ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១ ១៦៧ នាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នេះ។


គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ រាជធានីភ្នំពេញ៖ ១៩,៨៦៨ នាក់ ខេត្តកំពត៖ ១០,០២៤ នាក់ ខេត្តព្រះសីហនុ៖ ៧,៧១២ នាក់ ខេត្តកំពង់ស្ពឺ៖ ៦,២៥២ នាក់ ខេត្តបាត់ដំបង ៖ ៥,៥៨៨ នាក់ និងខេត្តកណ្តាល៖ ៤,៤០៩ នាក់។
ចំនួននេះ មានការថយចុះប្រមាណ ៥.២៣% ធៀបនឹងសប្តាហ៍កន្លងមក និងថយចុះប្រមាណ ៦២.១៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។


ការបន្តថយចុះបន្តិចនៃចំនួនភ្ញៀវទេសចរ ធៀបនឹងសប្តាហ៍កន្លងមកនេះ ដោយសារការរឹតបន្តឹងវិធានការរដ្ឋបាលរបស់រាជធានី-ខេត្តមួយចំនួន ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសការផ្អាកសកម្មភាពរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍មួយចំនួន ដែលប្រឈមហានិភ័យនៃការកើនឡើងជំងឺកូវីដ-១៩។


ក្នុងន័យនេះ រដ្ឋបាលរាជធានី-ខេត្តបានអនុញ្ញាតឱ្យភ្ញៀវ និងប្រជាពលរដ្ឋធ្វើដំណើរក្នុងក្រុងធម្មតា លើកលែងតែតំបន់ហាមឃាត់មួយចំនួនតូចដែលប្រឈមហានិភ័យនៃអត្រាឆ្លងកូវីដ-១៩ខ្ពស់ ប៉ុន្តែគោលដៅទេសចរណ៍តំបន់ឆ្នេរ រួមជាមួយគោលដៅអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ នៅតែជាគោលដៅសំខាន់សម្រាប់ភ្ញៀវទេសចរផ្ទៃក្នុង។


ដោយឡែក នៅតាមគោលដៅទេសចរណ៍នានា ភ្ញៀវទេសចរមានការចូលរួមអនុវត្តបានត្រឹមត្រូវភាគច្រើននូវវិធានសុវត្ថិភាពទេសចរណ៍ និងវិធានការសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសការរក្សាគម្លាត និងការប្រមូលផ្តុំតែក្នុងទ្រង់ទ្រាយតូច ក្នុងចំណោមសមាជិកគ្រួសារជាដើម៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram