ស្នូរបុកលាន់ដូចរន្ទះទាំងរំលងអធ្រាត្រ លុះព្រឹកឡើងម្នាក់ៗ ហួសចិត្ត
រាជធានីភ្នំពេញ ៖ ជនជាតិចិនម្នាក់បានផ្ទុះកំហឹងបន្ទាប់ពីមានទំនាស់គ្នាក្នុងគ្រួសាររួចក៍បានបើករថយន្តចេញទាំងកំរោលក្នុងល្បឿនលឿនទៅបុករបងថ្មបុរីសូនីយ៉ាងពេញទំហឹង បណ្តាលអោយបាក់ទាំងផ្ទាំងនិងប៉ើងចេញ ហើយរថយន្តបានផ្ទុះពោងទាំង២និងកំពិតជាប់ទៅមុខលែងរួចហើយទុកចោលរហូតដល់ព្រឹកឡើង ទើបភ្ញាក់ផ្អើ.ល។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៨ កក្កដា ហើយ បង្កអោយមានការភ្ញាក់ផ្អើ.លកាលពីវេលាម៉ោងប្រមាណ៥និង៣០នាទីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នៅចំនុចបុរីសូនី ក្នុងភូមិ ចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។
រថយន្តដែលបើកបុករបងនោះត្រូវបាននគរបាលអោយដឹងថា ម៉ាកឡិចស៊ិស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២O-៤៧០៥ បើកបរដោយបុរសជាជនជាតិចិនម្នាក់ មិនស្គាល់អត្តសញ្ញាណឡើយ មានលំនៅឋាននៅក្បែរកន្លែងកើតហេតុខាងលើ ។

តាមប្រភពព័ត៌មានបានអោយដឹងថា នៅវេលាយប់រំលងអាធ្រាត្រ គេឮសូរបុរសជនជាតិចិនរូបនោះមានទំនាស់គ្នាក្នុងគ្រួសារ ផ្អើលទាំងយប់ តែគេពុំដឹងថា មានទំនាស់គ្នារឿងអ្វីឡើយ ។ លុះក្រោយមក បុរសជាប្តីក៏បានបើករថយន្តចេញពីផ្ទះក្នុងទិសដៅពីកើតទៅលិច ដោយល្បឿនលឿនទំនងជាមួម៉ៅ និងកំរោលចូលផងក៍បានជ្រុលទៅបុករបងបុរី ដែលនៅទទឹងផ្លូវយ៉ាងពេញទំហឹងតែម្តង។

តាមប្រភពព័ត៌មានបានអោយដឹងថា នៅក្នុងគ្រោះថ្នាក់ខាងលើនោះ បុកលាន់ដូចរន្ទះ បណ្តាលអោយរបងបាក់មួយផ្ទាំងធំនិងខ្ទាតចេញ ហើយរថយន្តបានផ្ទុះពោងសុវត្ថិភាពទាំងពីរ និងក្រពិតផ្នែកខាងមុខទៅមុខលែងរួច ។ ភ្លាមៗអ្នកបើកបរ ពុំបណ្តាលអោយរងរបួសឡើយក៍បានបើកទ្វារចេញ ដោយទុករថយន្តចោល ។ លុះព្រឹកឡើង ប្រជាពលរដ្ឋក្បែរខាងប្រទះឃើញ ក៏រាយការណ៍ទៅនគរបាលមូលដ្ឋាន ក៍បង្កអោយមានការភ្ញាក់ផ្អើលឡើង ។

តាមប្រភពព័ត៌មានអោយដឹងថា នៅព្រឹកនោះថ្ងៃដដែលនេះដែរ ពេលនគរបាលចរាចរណ៍ខណ្ឌសែនសុខចុះទៅដល់បំរុងស្ទូច រថយន្តនោះយកទៅរក្សាទុកដែរ ស្រាប់តែម្ចាស់ជាជនជាតិចិន និងប្រពន្ធ បានចេញមុខមក រួចក៍បានសម្របសម្រួល សងការខូចខាតចំនួន៦០០ដុល្លារ ដើម្បីបញ្ចប់រឿង ៕


