ស្នាដៃក្រុមចែៗដែលគាត់ចេញពីផឹកវិញ បើកទម្លុះទ្វាររបងផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យអ្នកបើកបររថយន្តរងរបួសធ្ងន់
រាជធានីភ្នំពេញ៖ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នារីរូបស្រស់មួយក្រុមបានស្រវឹងជោកជាំបើករថយន្តម៉ាកឡិចស៊ីសHS450h បោះពួយយ៉ាងលឿន ក៏រេចង្កូតជ្រុលទៅបុកទម្លុះទ្វាររបងផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យអ្នកបើកបររថយន្តរងរបួសធ្ងន់ កាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី៧ កក្កដា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះលេខ១៦៥ ផ្លូវលេខ៣៤៩ ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីមួយក្រុមមានគ្នាបីទៅបួននាក់ បានបើកបររថយន្តមួយគ្រឿងម៉ាក ឡុចស៊ីសHS450h ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BI-7033 ធ្វើដំណើរក្នុងស្ថានភាពស្រវឹងជោកជាំ តាមបណ្ដោយផ្លូវ៣៤៩ ទិសដៅពីជើងទៅត្បូងនិងក្នុងល្បឿនយ៉ាងលឿន ឆ្ពោះទៅផ្លូវជាតិលេខ១ ។

លុះដល់ចំណុចកើតហេតុ រថយន្តនោះក៏ស្រាប់តែរេចង្កូតទៅខាងឆ្វេងឆ្លងចូលផ្លូវម្ខាងទៀត រួចក៏ជ្រុលទៅបុកទម្លុះទ្វារដែករបងផ្ទះកើតហេតុ ដែលមានទាំង៤ម៉ែត្រ គុណ២ម៉ែត្ររួមទាំងសសររបងមួយដើមយ៉ាងធំបានបាកដួលដល់ដីរងការខូចខាត។

ចំណែកឯរថយន្តបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងបណ្តាលឲ្យនារីជាអ្នកបើកបរម្នាក់រងរបួសធ្ងន់ រីឯអ្នករួមដំណើរបានរងរបួសស្រាល។ ភ្លាមៗនោះ អ្នករួមដំណើរដែលរងរបួសស្រាល ក៏បាននាំគ្នាលើកអ្នកបើកបររថយន្តដែលរងរបួសធ្ងន់ដាក់លើម៉ូតូកង់បីដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យតែ
ម្ដង។



