បុរសម្នាក់បើករថយន្តទំនើបយ៉ាងលឿនបុកទ្វារផ្ទះរួចចុះរត់ ស្រាប់តែយុវជន១ក្រុមមកកម្ទេចរថយន្ត

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា រថយន្តស៊េរីទំនើបមួយគ្រឿងបានបើកមកបុកទ្វារផ្ទះប្រជាពលរដ្ឋរួច ក៏ស្រាប់តែមានយុវជនមួយក្រុមទៀតបានមកធ្វើសកម្មភាពវាយកម្ទេចរថយន្ត បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចជារបងបឋមសិក្សាអង្គអេង ផ្ទះលេខ២៦ តាមបណ្ដោយផ្លូវ២៩២កែងនឹងផ្លូវ១២៩ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង។


តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាកឡិចស៊ីស NX200 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-9088 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៩២ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុរថយន្តនោះក៏បានបួងចង្កូតបត់ស្តាំទៅផ្លូវ១២៩ តែដោយមិនបានប្រយ័ត្នក៏ជ្រុលទៅបុកទ្វារផ្ទះគេ បណ្តាលឲ្យបាក់ខូចខាតអស់ចំនួនពីរផ្ទាំង ចំណែកឯរថយន្តបានរងការខូចខាតផ្នែកខាងមុខចំហៀងខាងស្ដាំយ៉ាងដំណំផងដែរ។


ប្រភពដដែលបន្តថា ភ្លាមៗនោះ អ្នកបើកបររថយន្តក៏បានចុះពីលើរថយន្តឡើងជិះម៉ូតូកង់បីមួយគ្រឿងទៀត គេចខ្លួនចេញពីកន្លែងកើតហេតុទៅបាត់ស្រមោលតែម្តង។ បន្ទាប់មកក៏ស្រាប់តែមានយុវជនមួយក្រុមទៀត ជិះម៉ូតូជាច្រើនគ្រឿងដោយក្នុងដៃប្រដាប់ទៅដោយដុំថ្ម ដបស្រាបៀរ ហើយក៏បានឈប់ រួចចុះមកធ្វើការវាយបំបែកកញ្ចក់រថយន្តបន្ថែម ដោយមិនថា តើយុវជនទាំងនោះមានរឿងអ្វីជាមួយនឹងអ្នកបើករថយន្តនោះទេ? បន្ទាប់ពីវាយបំបែកកញ្ចក់រថយន្តរួច យុវជនទាំងនោះក៏បាននាំគ្នាឡើងជិះម៉ូតូ រួចគេចខ្លួនបាត់ស្រមោលភ្លាមៗផងដែរ

ក្រោយពេលកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការអន្តរាគមន៍ និងទាក់ទងហៅសមត្ថកិច្ចជំនាញឲ្យចុះមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយជាបន្តទៀត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram