ការចាក់វ៉ាក់សាំង នៅភ្នំពេញ នឹងបិទបញ្ចប់ត្រឹមល្ងាចថ្ងៃទី៨ ខែកក្កដា អាជ្ញាធរក្រើនរំលឹកជាលើកចុងក្រោយ

រាជធានីភ្នំពេញ៖ ការចាក់វ៉ាក់សាំង នៅភ្នំពេញ នឹងត្រូវបិទបញ្ចប់ត្រឹមម៉ោង ៥ល្ងាចថ្ងៃទី៨ ខែកក្កដា។ អាជ្ញាធរភ្នំពេញ បានក្រើនរំលឹកជាលើកចុងក្រោយ ឱ្យប្រជាពលរដ្ឋ រួសរាន់ទៅវ៉ាក់សាំងទាំងដូសទី១ និងដូសទី២ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ រៀងរាល់ម៉ោង ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច។


សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ផ្អែកតាមផែនការមេ និងដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មានអាយុពី ១៨ឆ្នាំឡើងទៅ សម្រេចបានស្ទើរតែទាំងស្រុង ធៀបនឹងគោលដៅកំណត់ ហើយបានជូនដំណឹងជាច្រើនលើកច្រើនសា អំពីកាលបរិច្ឆេទចុងក្រោយ នៃការបិទបញ្ចប់កម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ។ ក្នុងន័យនេះ ដើម្បីជំរុញការអនុវត្ត “យុទ្ធនាការជាតិចាក់វ៉ាក់សាំង” ការពារជំងឺកូវីដ-១៩ និងឈានទៅបិទបញ្ចប់ការងារនេះ តាមកម្មវិធី ដែលបានគ្រោងទុក រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹកជាលើកចុងក្រោយដល់បងប្អូន


ប្រជាពលរដ្ឋមានអាយុពី ១៨ឆ្នាំឡើងទៅ ដែលមិនទាន់ទទួលបានវ៉ាក់សាំងទាំងដូសទី១ និងដូសទី២ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ សូមមេត្តារួសរាន់អញ្ជើញមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ រៀងរាល់ម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច ត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នៅតាមទីតាំង ដែលបានកំណត់ជូន។

សេចក្តីជូនដំណឹង បានឱ្យដឹងទៀតថា អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ នឹងបិទបញ្ចប់ “យុទ្ធនាការជាតិចាក់វ៉ាក់សាំង” សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ នៅត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៥:០០នាទីរសៀល ជាកំហិត ដូច្នេះ ប្រសិនបើបងប្អូនប្រជាពលរដ្ឋទាំងឡាយណា ខកខានមិនបានអញ្ជើញមកទទូលវ៉ាក់សាំង តាមកាលបរិច្ឆេទចុងក្រោយ និងទីតាំងដូចបានកំណត់ជូន រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនទទួលខុសត្រូវ
ក្នុងការចាក់វ៉ាក់សាំងជូននៅពេលក្រោយឡើយ។


ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបន្ថែមថា ក្នុងអំឡុងពេលអញ្ជើញមកទទួលវ៉ាក់សាំង សូមបងប្អូនប្រជាពលរដ្ឋរក្សាឱ្យបានជាដាច់ខាតនូវគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា កៀកគ្នា ណែនណាន់តាន់តាប់ ដោយត្រូវប្រកាន់ខ្ជាប់ការចូលរួមអនុវត្តនូវវិធានការសុខាភិបាល និងវិធានការ -៣ ការពារ និង ៣ កុំ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
រដ្ឋបាលរាជធានីភ្នំពេញ បន្ថែមថា ដោយឡែក ចំពោះបងប្អូនប្រជាពលរដ្ឋទាំងឡាយណា ដែលមានបញ្ហាសុខភាព ដូចជា ក្តៅខ្លួន ភ្លុក-កណ្តាស់ ផ្តាសាយ ពិបាកដកដង្ហើម ឬ រោគសញ្ញាផ្សេងទៀត សូមអញ្ជើញទៅយកសំណាកវិភាគរកមេរោគកូវីដ-១៩ ជាមុនសិន ចៀសវាងប៉ះពាល់ដល់ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដទៃទៀត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram