កំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែភ្នំពេញ រកចំណូលបានជាង១២៣លានដុល្លារ

(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានសរុបជាង១២៣លានដុល្លារ។ នេះបើតាមបញ្ជាក់ឲ្យដឹងពីលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ការបញ្ជាក់ឲ្យដឹងបែបនេះ របស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្វើឡើងក្នុងពិធីសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។
ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូច្នេះថា ការងារកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទំនិញឆ្លងកាត់មានចំនួនប្រមាណ៦.៩លានតោន កើនឡើង៥.៩៩% និងចំណូលសរុបមានចំនួនប្រមាណ៣៧៣ប៊ីលានរៀល (ប្រមាណ៩០លានដុល្លារ) កើនឡើង១៧.៦៤% ធៀបនឹងការអនុវត្តឆ្នាំ២០២០។


កំពង់ផែក្រុងព្រះសីហនុ បាននិងកំពុងអភិវឌ្ឍ និងធ្វើទំនើបកម្មចំណតផែកុងតឺន័រថ្មី តាមរយៈការសិក្សាជាមួយ JICA ដើម្បីប្រែក្លាយជាកំពង់ផែ ក្នុងតំបន់ដ៏មានសក្តានុពល ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។
ដោយឡែក ការងារកំពង់ផែស្វយ័តភ្នំពេញ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឲ្យដឹងថា ទំនិញ-ប្រេងឥន្ធនៈ និងហ្គាសឆ្លងកាត់មានចំនួន សរុបប្រមាណ ៤.២លានតោនកើនឡើង ១៣.៤១% និងចំណូលសរុបមានចំនួនប្រមាណ១៣៨ប៊ីលានរៀល (ប្រមាណ៣៣លានដុល្លារ) កើនឡើង១៤.៣៧% ធៀបនឹងការអនុវត្តឆ្នាំ២០២០។
កំពង់ផែភ្នំពេញ បានបញ្ចប់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ដំណាក់កាលទី១ នៅចំណតកំពង់ផែកុងតឺន័រ LM១៧ ដូច្នេះសមត្ថភាពផ្ទុកកុងតឺន័រ បានសរុបចំនួន ៤០០ ០០០ TEUs/ឆ្នាំ។


លើសពីនោះទៀត កំពង់ផែភ្នំពេញ បានបញ្ចប់ការសិក្សាសមិទ្ធលទ្ធភាព ការងារសាងសង់ចំណតផែទន្លេបិទ ជាមួយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងបានចាប់ផ្តើមអភិវឌ្ឍចំណតផែរណបនៅគីឡូម៉ែត្រលេខ៦ ផងដែរ។
កំពង់ផែភ្នំពេញ បានសិក្សាវាស់ស្ទង់បាតទន្លេ រួមទាំងពិនិត្យតាមដាន និងប្រមូលទិន្នន័យជម្រៅទឹកប្រឡាយនាវាចរណ៍ ដែលស្ថិតក្នុងតំបន់ចតុមុខ ទន្លេមេគង្គលើ និងទន្លេមេគង្គក្រោម រួមទាំងចំណតផែកោះរកា ចំណតផែកុងតឺន័រថ្មី និងចំណតផែទន្លេបិទ។


សូមជម្រាបថា នៅឆ្នាំ២០២០ កំពង់ផែស្វយ័តក្រុងភ្នំពេញ រកចំណូលបានជាង២៩លានដុល្លារ ធ្លាក់ចុះ៦ភាគរយ។ ចំណែកកំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលសរុបបានជាង៧០លានដុល្លារអាមេរិក មានការថយចុះ៦ភាគរយ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram