យ៉ាងហោចណាស់ ផ្សារតាមខេត្តមួយចំនួន ចាប់ផ្តើមបិទជាបណ្តើរៗ ដោយសារតែឆ្លងកូវីដ…
ភ្នំពេញ៖ ផ្សារតាមខេត្ត ចំនួន ៤ បានប្រកាសបិទជាបណ្តោះអាសន្ន ដោយសារការឆ្លងរាលដាលជំងឺកូវីដ១៩ រួមមាន៖ ផ្សារកូនមុំ នៅខេត្តរតនគិរី ផ្សារដងទង់ នៅខេត្តកោះកុង ផ្សារដំដែក នៅខេត្តសៀមរាប និងផ្សារសាលាលេខ៥ ក្នុងខេត្តកំពង់ឆ្នាំង។
តាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តនិមួយៗ បង្ហាញថា ផ្សារកូនមុំ នៅភូមិ៣ ឃុំត្រាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ត្រូវបិទជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ តទៅ។

រីឯផ្សារដងទង់ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅថ្ងៃទី២កក្កដានេះ ត្រូវបានអភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង ចេញលិខិត ប្រកាសមិនអនុញ្ញាតឲ្យបន្តលក់ដូរ នៅក្នុងផ្សារដងទង់ទៀតឡើយ។ រីឯអាជីវករទាំងអស់ ត្រូវទៅយកសំណាក ចាប់ពីថ្ងៃទី៣កក្កដា នៅទីស្នាក់ផ្សារដងទង់។ ការសម្រេចបិទផ្សារដងទង់នេះ បន្ទាប់ពីមានអាជីវករផ្សារដងទង់ ៥នាក់ ធ្វើតេស្តដោយឧបករណ៍តេស្តរហ័ស Rapid Test រកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។
នៅថ្ងៃទី២ ខែកក្កដានេះ អភិបាលខេត្តសៀមរាប លោក ទៀ សីហា ក៏បានចេញលិខិត សម្រេចបិទផ្សារដំដែក ស្ថិតក្នុងភូមិដំដែក ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលជាទីតាំងមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន រយៈពេល ២ សប្ដាហ៍ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។

នៅថ្ងៃទី២ ខែកក្កដានេះ អភិបាលខេត្តកំពង់ឆ្នាំង ទើបឡើងថ្មី លោក ស៊ុន សុវណ្ណារិទ្ធ បានចេញលិខិតសម្រេចបិទផ្សារសាលាលេខ៥ ស្ថិតនៅក្នុងភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ឡាវ ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាល ដាលនៃមេរោគកូវីដ-១៩។
ក្រៅពីប្រកាសបិទផ្សារទាំងនេះ រដ្ឋបាលខេត្តនិមួយៗ ក៏បានតម្រូវឲ្យអាជីវករក្នុងផ្សារទាំងនោះ ទៅធ្វើតេស្ត យកសំណាក នៅតាមទីតាំង ដែលអាជ្ញាធរ បានរៀបចំផងដែរ។

សូមរម្លឹកថា នៅភ្នំពេញ ក៏បានប្រកាសបិទផ្សារអូឡាំពិក ចាប់ពីថ្ងៃទី៣ ខែកក្កដា រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីមានអាជីវករ កម្មករ និងសន្តិសុខផ្សារ ឆ្លងកូវីដ។ ការធ្វើតេស្តលើអាជីវករ កម្មករ និងសន្តិសុខនៅផ្សារអូឡាំពិក គិតត្រឹមល្ងាចថ្ងៃទី២កក្កដានេះ គឺមានអ្នកវិជ្ជមាន ៩២នាក់ហើយ។ ការធ្វើតេស្តនៅបន្ត នៅវិទ្យាល័យទួលស្វាយព្រៃ។
ដោយឡែក កាលពីថ្ងៃទី២៩មិថុនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសម្រេចបិទផ្សារបឹងកេងកង រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ក្រោយរកឃើញអាជីវករផ្សារសរុបជិត ២៧០នាក់ បានឆ្លងកូវីដ១៩៕

