អភិបាលខេត្តសៀមរាប សម្រេចបិទផ្សារដំដែក ១៤ថ្ងៃ ក្រោយមានអ្នកលក់បន្លែខ្លះនៅផ្សារកំពង់ក្តី ចល័តចូលមកលក់…

ខេត្តសៀមរាប ៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប សម្រេចបិទផ្សារដំដែក ស្ថិតនៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ តទៅ ដែលជាទីតាំងមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ។
លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម បានប្រាប់អោយដឹងថា ផ្សារដំដែក ស្ថិតក្នុងទីរួមស្រុកសូទ្រនិគម ត្រូវបានកម្លាំងចុះទៅធ្វើការហ៊ុមព័ទ្ធបិទ នៅល្ងាចថ្ងៃទី២ ខែកក្កដានេះហើយ តាមបទបញ្ជារបស់លោកអភិបាលខេត្តសៀមរាប ។


លោកបន្តថា ការធ្វើសំណាកនឹងចាប់ផ្តើមលើអាជីវករជាបន្តបន្ទាប់នៅក្នុងផ្សារដំដែក ហើយមិនទាន់រកឃើញអ្នកឆ្លងជំងឺកូវីដនៅឡើយទេ ប៉ុន្តែមានអ្នកលក់បន្លែខ្លះ ដែលធ្លាប់លក់បន្លែនៅផ្សារកំពង់ក្តី ស្រុកជីក្រែង បានចល័តចូលមកលក់នៅផ្សារដំដែក ។ ដោយសារបែបនេះ ផ្សារដំដែកត្រូវតែបិទ ដើម្បីការពារជំងឺ ដ៍កាចសាហាវនោះ ព្រោះអីអ្នកលក់នៅផ្សារកំពង់ក្តី រកឃើញ វិជ្ជមានកូវីដ-១៩ រហូតជាង៦០នាក់ រយៈពេលពីរថ្ងៃ កន្លងមកនេះ ។


សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១២៣នាក់ ហើយមានអ្នកស្លាប់ ចំនួន ២នាក់ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram