ពិនិត្យបើក បិទកញ្ចប់ និងវេចខ្ចប់វត្ថុតាងថ្នាំញៀន លើសំណុំរឿងព្រហ្មទណ្ឌ…
ស្វាយរៀង: គណៈកម្មការបំផ្លាញគ្រឿងញៀនខេត្តស្វាយរៀងកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅសាលាដំបូងខេត្តស្វាយរៀង បានធ្វើការប្រជុំពិនិត្យបើក បិទកញ្ចប់ និងវេចខ្ចប់វត្ថុតាងថ្នាំញៀន លើសំណុំរឿងព្រហ្មទណ្ឌ (ដំណាក់កាលស៊ើបសួរ ដំណាក់កាលជំនុំជម្រះ និងដំណាក់កាលសាលក្រមស្ថាពរ) ដើម្បីបញ្ជូនទៅអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងប្រឆាំងគ្រឿងញៀន ធ្វើពិធីដុតបំផ្លាញចោល ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលខាងមុខ។

កិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាពលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការបំផ្លាញគ្រឿងញៀន ខេត្តស្វាយរៀង ដែលមានសមាសភាពអញ្ជើញចូលរួមមាន: លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានលេខាធិការការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត។

លោក ទេព ផល្លា ប្រធានលេខាធិការដ្ឋានរដ្ឋបាល សាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរង ទទូលផែនការងារប្រឆាំងគ្រឿងញៀនខេត្ត លោក វរសេនីយ៍ឯក ឡឹក ចំរើន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត រួមនិងមន្ត្រីជំនាញពាក់ព័ន្ធ។

សូមបញ្ជាក់ផងដែរថា: កណី និងវត្ថុតាងថ្នាំញៀន ដែលចាប់រឹបអូសបានក្នុងកិច្ចប្រតិបត្តិការរបស់មន្ត្រីនគរបាលយុត្តិធម៌ក្នុងឆ្នាំ២០២០-២០២១ សរុបមានចំនួន៥៧សំណុំរឿងដែលគណៈកម្មការសម្រេចបើកកញ្ចប់ទាំងអស់ និងបញ្ចូលទៅក្នុងកញ្ចប់រួម សរុបមានទម្ងន់៣៣.៣១៩,២៦ក្រាម ក្នុងនោះរួមមាន:
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ២៧.៣៤៨,៩៦ក្រាម
-ថ្នាំញៀនប្រភេទកេតាមីនទម្ងន់ ៣.១៨៦,៦០ក្រាម
-ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ីទម្ងន់ ១.៣២២,៩២ក្រាម
-ថ្នាំញៀនប្រភេទហេរ៉ូអុីនទម្ងន់ ១.៤៦០,៧៨ក្រាម
-សារធាតុគីមីផ្សំ៤មុខទម្ងន់ ១.០៣៩,៥០ក្រាម និង៧ដបតូច៕


