ជនសង្ស័យម្នាក់ ត្រូវបានបញ្ជូនទៅតុលាការពាក់ព័ន្ធនាំមនុស្សឆ្លងដែន…

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ មឿន សារឿន ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ កម្លាំងនគរបាលស្រុកម៉ាឡៃ និងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ សហការជាមួយកម្លាំងយោធាវរសេនាតូចការពារព្រំដែនគោកលេខ៥១១ នៃកងពលតូចថ្មើរជើងលេខ៥១ បានធ្វើការទប់ស្កាត់ពលករចំណាកស្រុកដោយខុសច្បាប់ចំនួន ១៥នាក់ ស្រី ៦នាក់ មកពីខេត្តបន្ទាយមានជ័យចំនួន ១១នាក់ សៀមរាបចំនួន ៣នាក់ និងខេត្តបាត់ដំបងចំនួន១នាក់ នៅចំណុចដីរបស់ឈ្មោះ ទ្រី ភាព ស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ដើម្បីធ្វើការសួរនាំ។


ក្នុងនោះពលករទាំង ១៥នាក់ បានធ្លើយប្រាប់សមត្ថកិច្ចថា ពួកគាត់ត្រូវបាន ឈ្មោះ ទូច ភេទប្រុស អាយុប្រហែល ២០ឆ្នាំ នៅធ្វើការប្រទេសថៃ ឱ្យទំនាក់ទំនងជាមួយឈ្មោះ មឿក សុភា ភេទប្រុស អាយុប្រហែល ២៩ឆ្នាំ នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ។ ពេលពួកគាត់មកដល់ស្រុកម៉ាឡៃ មានឈ្មោះ មឿន សារឿន ភេទប្រុស អាយុ ៤១ឆ្នាំ នៅភូមិចំបក់ ឃុំបឹងបេង អ្នករត់ម៉ូតូឌុប បានឌុបពួកគាត់មកដាក់នៅចំណុចដីឈ្មោះ ទ្រី ភាព ដើម្បីឆ្លងដែន។ នៅចំពោះមុខសមត្ថកិច្ចឈ្មោះ មឿន សារឿន ជាអ្នកដឹកជញ្ជូនពលករបានសារភាពថា ខ្លួនពិតជាបានដឹកពលករទាំងនោះមែន ដោយពលករម្នាក់ មឿក សុភា ឱ្យតម្លៃ ១០.០០០រៀល។
លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឱ្យដឹងថា ដោយផ្អែកលើការបំភ្លឺរបស់ពលករទាំង ១៥នាក់ និងចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ មឿន សារឿន ត្រូវបានកម្លាំងជំនាញបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី។ ចំពោះមេខ្យល់ឈ្មោះ មឿក សុភា កម្លាំងនគរបាលមូលដ្ឋានកំពុងស្រាវជ្រាវដើម្បីឃាត់ខ្លួនកសាងសំណុំរឿងតាមនីតិវិធី ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram