លោក ប្រាជ្ញ ចន្ទ ជាប់ជាប្រធានគ.ជ.ប ជំនួសតំណែងលោក ស៊ិក ប៊ុនហុក…


(ភ្នំពេញ)៖ ទីបំផុត លោក ប្រាជ្ញ ចន្ទ អតីតប្រធានគណៈកម្មការទី១ នៃរដ្ឋសភា បានជាប់ឆ្នោតជាប្រធានគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ហើយ បន្ទាប់ពីសមាជិករដ្ឋសភាទាំងអស់ បានបោះឆ្នោតគាំទ្រ ផ្តល់សេចក្តីទុកចិត្តទាំងស្រុង ចំពោះរូបលោក។
ការបោះឆ្នោតនេះបានធ្វើឡើង នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដោយមានសមាជិកសភាចូលរួមចំនួន៨២រូប។
លោក ប្រាជ្ញ ចន្ទ គឺជាបេក្ខជនមួយរូប ក្នុងចំណោម២រូប ដែលបានដាក់ពាក្យស្នើសុំធ្វើប្រធានគ.ជ.ប ទៅកាន់រដ្ឋសភា ហើយដែលត្រូវបានជ្រើសរើសដោយគណបក្សដឹកនាំរាជរដ្ឋាភិបាល គឺគណបក្សប្រជាជនកម្ពុជា ទៅតាម «ច្បាប់ ស្ដីពី ការរៀបចំ និងការ ប្រព្រឹត្ត ទៅ នៃគណៈកម្មាធិការជាតិ រៀប ចំការ បោះឆ្នោត»។
បន្ទាប់ពីទទួលបានការផ្តល់សេចក្តីទុកចិត្តដោយរដ្ឋសភាហើយនោះ លោក ប្រាជ្ញ ចន្ទ ក៏ត្រូវធ្វើស្បថចូលកាន់តំណែងផងដែរ។
លោកប្រាជ្ញ ចន្ទ ធ្លាប់ជាមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចន្លោះពីឆ្នាំ១៩៩១ដល់២០០១ ជាអភិបាលខេត្តបាត់ដំបងពីឆ្នាំ២០០១ ដល់២០០៣ ជាអភិបាលខេត្តត្បូងឃ្មុំពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ និងជាតំណាងរាស្រ្ត និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា គឺគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ពីឆ្នាំ២០១៧ រហូតដល់ក្លាយជាប្រធានគ.ជ.ប៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram