សមត្ថកិច្ចស្វែងរកអ្នករុករានទន្ទ្រានឈូសឆាយព្រៃលិចទឹកជាង៤ហិតាស្ថិតក្នុងតំបន់បីដើម្បីដាក់បន្ទុក…


ពោធិ៍សាត់៖ នៅក្នុងរដូវបិទនេសាទនេះខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ដពោធិ៍សាត់ សហការជាមួយគណៈបញ្ជាការឯកភាពស្រុកក្រគរ យោធាខេត្ដ បានចុះល្បាតត្រួតពិនិត្យព្រៃលិចទឹក តាមមាត់បឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកក្រគរខេត្តពោធិ៍សាត់។
នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រទះឃើញមានការលួចកាប់ទន្ទ្រានឈូសឆាយភ្ជួររាស់ដីព្រៃលិចទឹកជាង៤ហិតា ស្ថិតនៅចំនុចខាងកើតទួលសាលា ស្ថិតក្នុងភូមិសានសរ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកភុំ វិមុល នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ចំពោះករណីនេះ សមត្ថកិច្ចបានធ្វើកំណត់ហេតុតាមនិតិវិធី នឹងបានស្វែងរកជនប្រព្រិត្តដើម្បីដាក់បន្ទុកតាមច្បាប់ជាធរមាន។
លោកក៏បានសំណូមពរផងដែរដល់បងប្អូនប្រជាពលរដ្ឋសូមរួមគ្នាថែរក្សាព្រៃលិចទឹកជុំវិញបឹងទន្លេសាប ដើម្បីជាជំរកដល់ពួកមច្ចាជាតិពង និងបង្កើតកូនសម្រាប់ជាប្រយោជន៍យើងទាំងអស់គ្នា៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram