ស្រវឹងស្រាបើកគោយន្ដបុកម៉ូតូមួយគ្រឿង
គោយន្តកែច្នៃដឹកពាង១គ្រឿងបើកក្នុងស្ថានភាពស្រវឹង ហើយមិនប្រកាន់ស្តាំស្រាប់តែទៅបុកម៉ូតូពេញទំហឹងបណ្តាលឲ្យមានមនុស្ស ស្លា ប់ អ្នកបើក និងអ្នកជិះម៉ូតូ២នាក់នៅកន្លែង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ១៥៩C ត្រង់ចំណុចចន្លោះបង្គោលភ្លើងលេខ២៥៤-២៥៥ ក្នុងភូមិរោងគោដើម ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយ មានជ័យ ។

មន្ត្រីនគរបាលចរាចរណ៍បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះទី១ ឌិត ហាក់ ភេទប្រុស អាយុ ៥៣ឆ្នាំ ជាប្រជាការពារឃុំ នៅភូមិគោកពន្លៃ ឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ជាអ្នកបើកម៉ូតូ មិនពាក់មួកសុវត្តិភាព ស្លាប់នៅកន្លែងកើតហេតុ។ ទី២ ឈ្មោះ បុត្រ ផា ភេទប្រុស អាយុ ៤១ឆ្នាំ ជាប្រជាការពារឃុំ នៅភូមិគោកពន្លៃ ឃុំចំណោម ស្រុកមង្គលបូរី ជាអ្នករួមដំណើរម៉ូតូ មិនពាក់មួកសុវត្តិភាព ស្លាប់នៅកន្លែងកើតហេតុ ។

មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ឲ្យដឹងបន្តថា មុនពេលកើតហេតុ គោយន្តកែច្នៃមួយគ្រឿង ប្រភេទដឹកពាង គ្មានផ្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ ពីជើងទៅត្បូងបើកក្នុងស្ថានភាពស្រវឹង លុះបើកមកដល់ចំណុចកើតហេតុបើកមិនប្រកាន់ស្តាំ ក៏បើកទៅបុកម៉ូតូម៉ាក ស្មាស់ ផលិតឆ្នាំ២០០៩ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ន.ប I . ៣៣២០ ធ្វើដំណើរបញ្ច្រាសទិសគ្នាចំពីមុខពេញ បណ្តាលអ្នកបើកម៉ូតូ និងអ្នករួមដំណើរស្លាប់ទាំង២នាក់នៅកន្លែងកើតហេតុ។ មន្ត្រីនគរបាលបានបញ្ជាក់ឲ្យដឹងបន្តទៀតថា មូលហេតុមកពីអ្នកបើកគោយន្តច្នៃស្រវឹងបើកមិនប្រកាន់ស្តាំ ។
សពទាំង២នាក់ត្រូវមន្ត្រីនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែក គោយន្តកែច្នៃដឹកពាងនិងម៉ូតូ នគរបាលយកទៅរក្សាទុកនៅអធិការដើម្បីដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕

