វិធានការរុះរើបែចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹក ក្លាយជាប្រធានបទថ្មី…
ភ្នំពេញ:រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹង កាលពីថ្ងៃទី២ ខែមិថុនា ដោយទុកពេល មួយសប្តាហ៍ ឲ្យម្ចាស់បែចិញ្ចឹមត្រី និងអ្នករស់នៅលើផ្ទះបណ្តែតទឹកទាំងអស់ ត្រូវរុះរើ ឬចល័តចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ។ ប៉ុន្តែមកដល់ថ្ងៃផុតកំណត់ នាថ្ងៃទី៩មិថុនាហើយ តែមានបែចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹកតិចតួចប៉ុណ្ណោះ ដែលបានរើចេញ។
ករណីនេះ នាំឲ្យមានការជជែកច្រើន តាមហ្វេសប៊ុក ។យ៉ាងណាក៏ដោយ ជុំវិញករណីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសថា អាជ្ញាធរទុកពេលបន្តបន្តិចទៀត ឲ្យម្ចាស់សំណង់មិនរៀបរយ និងបែចិញ្ចឹមត្រី រុះរើចេញដោយខ្លួនឯង ព្រោះអាជ្ញាធរ មិនចង់អនុវត្តវិធានការច្បាប់ភ្លាមៗ ដែលនាំឱ្យខូចខាតដល់ទ្រព្យ និងសម្ភារផ្សេងៗរបស់ប្រជាពលរដ្ឋទាំងនោះ។
យ៉ាងណាក៏ដោយ ២-៣ថ្ងៃនេះ អាជ្ញាធរខណ្ឌច្បារអំពៅ ខណ្ឌឫស្សីកែវ និងខណ្ឌព្រែកព្នៅ បានជិះទូកកាណូត និងអូប័រ ពិនិត្យមើលភូមិសាស្ត្ររៀងៗខ្លួន ដែលមានបែចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹក ហើយប្រកាសតាមមេក្រូឲ្យអ្នកទាំងអស់នោះ រុះរើ ឬចល័តចេញដោយខ្លួនឯង។
តាមគម្រោង នៅថ្ងៃសៅរ៍ ទី១២មិថុនា រដ្ឋបាលរាជធានីភ្នំពេញ កំណត់ថា នឹងចុះអនុវត្តវិធានការបណ្តេញចេញ តាមសេចក្តីប្រកាសរបស់ខ្លួន លើក្រុមអ្នករស់នៅលើទឹក និងអ្នកចិញ្ចឹមត្រីតាមបែធំក្នុងទន្លេទាំងអស់នោះ។ អនុវត្តមុនគេ នៅខណ្ឌព្រែកព្នៅ។

ស្ទើរតែទាំងអស់ អ្នកចិញ្ចឹមត្រី និងអ្នករស់នៅផ្ទះបណ្តែតទឹកច្រើនគ្រួសារ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងដៃទន្លេសាប ខណ្ឌព្រែកព្នៅ ខណ្ឌឫស្សីកែវ ខណ្ឌជ្រោយចង្វារ និងក្នុងទន្លេបាសាក់ ទន្លេមេគង្គក្រោម ក្នុងខណ្ឌច្បារអំពៅ រួមទាំងខណ្ឌមានជ័យផង គឺស្ទើរតែទាំងអស់ជាជនជាតិវៀតណាម។ អ្នកទាំងនោះ បានផ្តិតមេដៃលើលិខិត ស្នើសុំអាជ្ញាធរពន្យារពេលពី ៦ខែ ទៅ ១ឆ្នាំទៀត ទម្រាំត្រីធំ ចាប់លក់អស់ និងរកទីតាំងរស់នៅលើគោកបាន។
ចំពោះការតវ៉ានេះ អាជ្ញាធរសមត្ថកិច្ចតាមខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញ មិនទាន់ឆ្លើយតបបែបណានៅឡើយទេ ខណៈដែលថ្ងៃផុតកំណត់ ឱសានវាទ ១សប្តាហ៍ គិតពីថ្ងៃទី២មិថុនាមក ក៏បានកន្លងផុតយូរថ្ងៃហើយ។
មកដល់ថ្ងៃទី១០មិថុនា មានផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រីតិចតួចណាស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលបានចល័ត និងរុះរើ។ ច្រើនផ្សេងទៀត បន្តនៅត្រៀបត្រាក្នុងទន្លេដដែល។
ការរស់នៅលើទឹក និងការចិញ្ចឹមត្រីក្នុងបែក្នុងទន្លេនេះ បង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរណ៍ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោរបង់ ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាព រាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពនៃប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹក មិនស្អាតផងដែរ។

ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ លើកឡើងថា កន្លងមក មានជនឱកាសនិយមមួយចំនួន បានលបលួច ធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយ នៅលើផ្ទៃទន្លេ ហើយកន្លែងខ្លះ បានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់ យ៉ាងអនាធិបតេយ្យ។
ប៉ុន្តែជាដំណោះស្រាយ អាជ្ញាធររាជធានីភ្នំពេញ គួរតែរកកន្លែងថ្មី នៅលើគោក ដោយមានទាំងស្រះចិញ្ចឹមត្រី ហើយផ្ទេរឲ្យអ្នកចិញ្ចឹមត្រី តាមបែក្នុងទន្លេទាំងអស់នោះ ចាប់ត្រី យកទៅចិញ្ចឹមក្នុងស្រះលើគោកវិញ។ បើគ្រាន់តែអូសយកបែត្រីទាំងអស់នោះ ទៅកន្លែងផ្សេងឲ្យតែផុតៗពីទឹកដីរាជធានីភ្នំពេញ គឺមិនយូរមិនឆាប់ អ្នកទាំងអស់នោះ នឹងរសាត់អណ្តែតមកដល់កន្លែងចាស់ ឬក៏នៅក្នុងទឹកដីភ្នំពេញឡើងវិញដដែល។ ណាមួយ តើខេត្តកណ្តាល ព្រមឲ្យក្រុមអណិកជនវៀតណាម ដែលរស់នៅលើទឹក និងមានបែត្រីទាំងអស់នោះ ទៅបោះទីតាំងថ្មី ក្នុងទឹកដីខេត្តកណ្តាល ដែរទេ?
អាជ្ញាធររាជធានីភ្នំពេញ ជាមួយស្ថានទូតវៀតណាម ប្រចាំកម្ពុជា ស្រង់យកអ្នកទាំងនោះ មករស់នៅលើគោក នៅតំបន់ដីគោកណាមួយ ដែលអាជ្ញាធររៀបចំ ដូចករណីនៅខេត្តកំពង់ឆ្នាំង។ ខេត្តកំពង់ឆ្នាំង បានអនុវត្តមុនគេ លើការផ្លាស់ទីលំនៅសហគមន៍វៀតណាម អ្នករស់នៅផ្ទះបណ្តែតទឹក។ ប៉ុន្តែមកដល់ពេលនេះ កំពង់ឆ្នាំង ក៏មិនទាន់ដោះស្រាយរួចរាល់ទាំងស្រុងករណីអ្នករស់នៅផ្ទះបណ្តែតទឹក ដែលស្ទើរតែទាំងអស់ ជាជនជាតិវៀតណាមនោះនៅឡើយទេ។
ដូច្នេះនៅភ្នំពេញ ក៏ត្រូវការពេលយូរបន្តិច ដើម្បីដោះស្រាយ និងរៀបរយអ្នករស់នៅផ្ទះបណ្តែតទឹក។ ក្រុមអ្នករស់នៅលើទឹក និងអ្នកចិញ្ចឹមត្រីក្នុងទន្លេទាំងអស់នោះ ក៏ត្រូវតែសហការល្អជាមួយអាជ្ញាធរសមត្ថកិច្ច ហើយអនុវត្តតាមការរៀបចំ ដើម្បីសុខសុវត្ថិភាពរបស់ខ្លួន និងកូនចៅជំនាន់ក្រោយ។ នៅលើទឹកលំបាក ហើយក៏ផ្សងនឹងគ្រោះថ្នាក់ដល់អាយុជីវិតមិនតិចនោះទេ៕
