មនុស្ស៣នាក់ស្លាប់ ស្រុក-ក្រុង ចំនួន៨ក្នុងខេត្តបន្ទាយមានជ័យ កំពុងរងការវាយប្រហារដោយទឹកជំនន់…
បន្ទាយមានជ័យ ៖ ដោយគិតមកត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះមានភ្លៀងធ្លាក់មធ្យមនៅទូទាំងស្រុកក្រុងទូទាំង៩នៃខេត្តបន្ទាយមានជ័យ ទឹកស្ទឹងសិរីសោភ័ណ ស្ទឹងមង្គលបូរី បាននិងកំពុងហក់ឡើងខ្លាំង និងទឹកហូរធ្លាក់ពីតាមអូរព្រំដែនប្រទេសថៃនៅបន្តកើនឡើង បណ្តាលអោយលិចតាមតំបន់ទំនាប ភូមិតាមមាត់អូរ ស្ទឹង និងប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ និងហេដ្ឋារចនាសម្ពន្ធ័មួយចំនួន។

ក្នុងនោះខេត្តបន្ទាយមានជ័យមានស្រុកក្រុងចំនួន៨បានរងផលប៉ះពាល់ធ្ងន់ធ្ងរ លង់ទឹកស្លាប់៣នាក់(កុមារម្នាក់) លំនៅដ្ឋាន១២២៥ខ្នង និងជម្លៀសពលរដ្ឋមកកាន់ទីទួលសុវត្ថិភាពចំនួន២៨៤គ្រួសារ (ស្មើនឹង១០១៣នាក់)លិចស្រែចំនួន១៤៨១ហិតា ចំការដំឡូងមី១០៩០ហិតា ក្នុងនោះដំណាំរួមផ្សំ ៣១ហិតា សាលារៀន១២សាលាត្រូវបានផ្អាកការរៀនសូត្រ វត្ត៣ ផ្លូវ៥៨កន្លែងប្រវែង ១១,៣៩៥ម៉ែត្រ។

ស្រុក ក្រុងដែលទទួលរងផលប៉ះពាល់មាន៖
១. ក្រុងសិរីសោភ័ណ លិចលំនៅដ្ឋានចំនួន១៤ខ្នង ជម្លៀសមកកាន់ទីទួលសុវត្ថិភាព១០គ្រួសារ
២. ក្រុងប៉ោយប៉ែត លិចតំបន់ទីប្រជុំជនខ្លះដោយសារលូហូរមិនទាន់ រដ្ឋបាលក្រុងបានចាត់វិធានការកាយបង្ហូរអស់ហើយ
៣. ស្រុកអូរជ្រៅ លិចលំនៅដ្ឋាន ១៨៦ខ្នង ជម្លៀសមកកាន់ទីទួលសុវត្ថិភាពបានចំនួន៩១គ្រួសារ លិចផ្លូវគ្រួសក្រហម៩កន្លែងប្រវែង៥០០ម៉ែត្រ។
៤. ស្រុកស្វាយចេក លង់ទឹកស្លាប់ម្នាក់ លិចសាលារៀនបីសាលា លិចដំឡូងមី ៣៧៧ហិចតា ផ្លូវក្រាលគ្រួសក្រហម២០កន្លែងប្រវែង១២៩៦ម៉ែត្រ ។

៥. ស្រុកព្រះនេត្រព្រះ លិចសាលា ២សាលា ផ្លូវគ្រួសក្រហម៧កន្លែងប្រវែង២៩៦០ម៉ែត្រ ។
៦. ស្រុកថ្មពួក លិចលំនៅដ្ឋាន៤៦ខ្នង សាលារៀន៣សាលា លិចស្រូវ៧៥ហិតា ដំឡូងមី៧១២ហិតា លិចផ្លូវគ្រួសក្រហម០៤កន្លែងប្រវែង៣១០ម៉ែត្រ។
៧.ស្រុកមង្គលបូរី លង់ទឹកស្លាប់ម្នាក់ លិចលំនៅដ្ឋាន១៣៧ខ្នង សាលារៀន២សាលា វត្តមួយ លិចស្រូវ១០៧៨ហិតា គ្រួសក្រហម៨កន្លែងប្រវែង១៦២០ម៉ែត្រ។

៨.ស្រុកម៉ាឡៃ លង់ទឹកស្លាប់ម្នាក់ លិចលំនៅដ្ឋានចំនួន ៨៤២ខ្នង ជម្លៀសមកកាន់ទីទួលសុវត្ថិភាពបានចំនួន១៨៣គ្រួសារ សាលារៀនមួយសាលា លិចស្រូវ៣០ហិចតា។
ឆ្លើយតបជាមួយការលិចលង់នេះដែរ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអញ្ជើញចុះផ្ទាល់ដើម្បីពិនិត្យស្ថានភាពទឹក និងដឹកនាំកម្លាំងជួយអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះ និងនាំយកមកកាន់ទីទួលសុវត្ថិភាព។

ពិនិត្យលើទិដ្ឋភាពជាក់ស្ដែងនៃការរងគ្រោះឯកឧត្ដមអភិបាលបានផ្តល់អំណោយសង្គ្រោះបន្ទាន់បឋមដល់បងប្អូនរងគ្រោះដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ជាមួយនោះសម្រាប់ពលរដ្ឋដែលមានសមាជិករងគ្រោះដោយលង់ទឹកស្លាប់ឯកឧត្តមអភិបាលខេត្តក៏បានចូលរួមជាថវិការៀបចំធ្វើបុណ្យទៅតាមប្រពៃណីផងដែរ។









សូមបញ្ជាក់ថា ទឹកជំនន់អាចនឹងបន្តហក់ឡើងហើយធ្វើអោយចំនួនពលរដ្ឋរងគ្រោះមានការកើនឡើងបន្ថែមទៀត ដូច្នេះដើម្បីត្រៀមបង្ការទប់ស្កាត់ជួយសងគ្រោះអោយបានទាន់ពេលវេលា គ្រប់កងឯកភាពចំណុះ មានអាវុធហត្ថ នគរបាល យោធា បានបញ្ចេញកម្លាំងចំណុះដោយបំពាក់ឧបករណ៍សុវត្ថិភាព មធ្យោបាយគ្រប់ប្រភេទចេញជួយអន្តរាគមន៍នៅតាមមូលដ្ឋានដែលរងនូវផលប៉ះពាល់ត្រៀមជានិច្ច និងជួយសង្គ្រោះបងប្អូនពលរដ្ឋធ្វើយ៉ាងណាអោយទាន់ពេលវេលា៕
