សម្ដេចតេជោ អំពាវនាវដល់ពលរដ្ឋនិង កម្មករជួបការលំបាកផ្នែកជីវភាព ដែលទទួលបានការបញ្ជាក់ ពីអាជ្ញាធរទៅបើកប្រាក់ឧបត្ថម្ភ…

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អំពាវនាវ ឲ្យប្រជាពលរដ្ឋទទួលបានការសម្ភាស និងកម្មករ-និយោជិត ដែលទទួលបានការបញ្ជាក់ពី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំង ប្រជាពលរដ្ឋ មានអ្នកឆ្លង និងអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ត្រូវអញ្ជើញទៅបើកសាច់ប្រាក់ឧបត្ថម្ភ។
នេះយោងតាមសារលិខិតស្ដីពី ការចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ ក្រោម «កម្មវិធីផ្តល់ជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកជំងឺឆ្លងកូវីដ១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារពលរដ្ឋដែល បានស្លាប់ដោយសារ កូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចេញផ្សាយ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។


សម្ដេចតេជោ មានប្រសាសន៍ថា ៖ «សូមប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ ដែលមានការលំបាកផ្នែកជីវភាព ដែលទទួលបានការសម្ភាសន៍ និងការបញ្ជាក់ពីអាជ្ញាធរ រួចហើយ និងកម្មករ-និយោជិតដែលបម្រើការងារ នៅតាមរោងចក្រ-សហគ្រាសក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដែលទទួលបានការ បញ្ជាក់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងប្រជាពលរដ្ឋ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ នៅទូទាំងប្រទេស អញ្ជើញទៅបើកសាច់ប្រាក់ នៅបញ្ជរវីងណាមួយដែលនៅជិតផ្ទះ ឬប្រើប្រាស់អែប (App) របស់ធនាគារវីង ក្នុងទូរស័ព្ទ និងសូមអនុវត្តវិធានការសុខាភិបាល ៣កុំ៣ការពារ ឱ្យបានខ្ជាប់ខ្លួន ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩»។
សម្ដេចតេជោ បន្ដថា៖ ដោយឡែក ចំពោះប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋគោលដៅដែលមានការលំបាក ផ្នែកជីវភាព រស់នៅក្នុងរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ ហើយមិនទាន់ត្រូវបានកំណត់ អត្តសញ្ញាណនៅឡើយ សូមមេត្តារួសរាន់ក្នុងការទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ក្នុងតំបន់ដែលបងប្អូនកំពុងរស់នៅ ដើម្បីសុំការសម្ភាសន៍ និងកំណត់អត្តសញ្ញាណ នៅតាមឃុំ សង្កាត់ ក្នុងរយៈពេលមួយសប្តាហ៍ ដោយគិតចាប់ពីថ្ងៃនេះតទៅ ដើម្បីទទួលបានការឧបត្ថម្ភ សាច់ប្រាក់ពីកម្មវិធីនេះ នៅជំហានបន្ទាប់។
សម្ដេចតេជោ ក៏បានបញ្ជាក់ថា៖ សម្រាប់ព័ត៌មានបន្ថែមអំពីការទទួលបានប្រាក់ឧបត្ថម្ភនេះ សូមទំនាក់ទំនង ឃុំសង្កាត់ ដែលនៅ ជិតផ្ទះបងប្អូន ឬក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមរយៈទូរស័ព្ទលេខ ០១៥ ២១៩ ៨៨៨៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram