ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់រថភ្លើងបុកគ្នានៅប៉ាគីស្ថានបន្តកើនឡើង…
ក្រុមវិស្វករប៉ាគីស្ថានកាលពីថ្ងៃអង្គារទី៨មិថុនាបានកាយកម្ទេចកម្ទីររថភ្លើងចំនួនពីរដែលបុកគ្នានៅតំបន់កសិកម្មដាច់ស្រយាលមួយដែលគ្រោះថ្នាក់នេះបានសម្លាប់មនុស្សរាប់សិបនាក់និងឆ្លុះបញ្ចាំងពីបញ្ហាសុវត្ថិភាពដ៏ធំនៅលើបណ្តាញផ្លូវដែកទ្រុឌទ្រោមរបស់ប្រទេសនេះ។

យ៉ាងហោចណាស់មនុស្ស ៦៣ នាក់ត្រូវបានសម្លាប់កាលពីព្រឹកថ្ងៃចន្ទ នៅពេលរថភ្លើងដឹកអ្នកដំណើរល្បឿនលឿនមួយបានបុករថភ្លើងមួយផ្សេងទៀតដែលទើបរត់ធ្លាក់ផ្លូវនៅប៉ុន្មាននាទីមុននោះនៅជិតទីក្រុងដាហាគីក្នុងខេត្តស៊ីង។
កងវិស្វកម្មនិងវិស្វករស៊ីវិលបានរើសម្អាតបំណែករថភ្លើងភាគច្រើនដែលកំប៉ិតដូចកំប៉ុងអេតចាយនៅក្នុងការបុកគ្នាដ៏សាហាវនេះ ហើយក្រុមអ្នកផ្សារដែកកំពុងធ្វើការជួសជុលផ្លូវដែកដែលខូចខាត។
ក្លិនប្រេងម៉ាស៊ូត ញើសនិងឈាមនៅតែធុំខ្លាំងនៅឡើយនៅកន្លែងកើតហេតុ ដោយបុគ្គលិកសង្គ្រោះនិយាយថា សាកសពនៅតែបន្តទាញចេញបណ្តើរៗទាំងយប់ពីបំណែករថភ្លើង។
លោក ចាហាន ហ្សេប វិស្វករផ្លូវដែកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFPទាំងភ្នែកងងុយដេកបើកមិនចង់រួច យ៉ាងដូច្នេះថា “នេះគឺជាគ្រោះថ្នាក់ដ៏ធំបំផុតដែលខ្ញុំធ្លាប់បានឃើញក្នុងរយៈពេលប្រហែល ១០ ឆ្នាំមកនេះ”។
អង្គភាពផ្លូវដែកប៉ាគីស្ថានបាននិយាយកាលពីថ្ងៃអង្គារថា មនុស្សចំនួន ៦៣ នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុនេះ ដោយចេញបញ្ជីឈ្មោះចំនួនពីរ ដែលមួយបង្ហាញអត្តសញ្ញាណជនរងគ្រោះ ៥១ នាក់ និង បញ្ជីមួយទៀតមិនស្គាល់អត្តសញ្ញាណជនរងគ្រោះ ១២ នាក់ផ្សេងទៀតនោះទេ៕
