កាន់សោគុក៤០ឆ្នាំ ទើបបានឡើងជាប្រធានពន្ធនាគារ…
រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៤ ខែសី ហា ឆ្នាំ២០២០ កន្លងទៅនេះ នៅសាលប្រជុំមណ្ឌលអប់រំកែប្រែម១ (ហៅថាពន្ធនាគារព្រៃស) មានធ្វើពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ទរស័ក្តិដល់មន្ត្រីអនុរក្សពន្ធនាគារ ក្រោមអធិបតីភាពលោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។

ពិធីខាងលើនេះត្រូវបានប្រកាសផ្ទេរភារកិច្ចលោកឧត្តមសេនីយ៍ ឯក ឆែម សាវុធ ពីប្រធានមណ្ឌលអប់កែប្រែម១ ទៅជាអគ្គនាយកនៃអគ្គនាយដ្ឋានពន្ធនាគារ (ពោលគឺគ្រប់គ្រងពន្ធនាគារទូទាំងប្រទេស) តែងតាំងលោកឧត្តមសេនីយ៍ទោ យិន គន់ អតីតអនុប្រធាន ឲ្យឡើងកាន់ជាប្រធានមណ្ឌលអប់រំកែប្រែម១ បន្តវេនពីលោកឧត្តមសេនីយ៍ឯក ឆែម សាវុធ ។

បានកត់សម្គាល់ឃើញថា លោកឧត្តមសេនីយ៍ទោ យិន គន់ ជាក្មួយបង្កើតរបស់លោក យិន ស្រ៊ាង អតីតប្រធានពន្ធនាគារ T3 (បានបាត់បង់ជីវិត) ។ បច្ចុប្បន្នលោក យិន គន់ មានអាយុ៥៦ឆ្នាំ ត្រកូលអ្នកខេត្តព្រៃវែង ដែលលោកបានចូលបម្រើការងារជាអនុរក្សពន្ធនាគារ (កាន់សោរគុក)តាំងពីថ្ងៃទី១៦ ខែមិនា ឆ្នាំ១៩៨០ នៅT3 កាលណោះលោកមានអាយុ១៦ឆ្នាំ បើគិតមកដល់ពេលនេះមានរយៈពេលដល់ទៅ៤០ឆ្នាំមកហើយ ។កាន់សោរគុក៤០ឆ្នាំ លោក យិន គន់ ត្រូវបានមន្ត្រីអនុរក្សពន្ធ នាគារដូចគ្នាស្រឡាញ់គោរពរាប់អាន ដោយសារលោក យិន គន់ ជាមនុស្សមានចរិត និងធ្វើការងារមិនប្រកាន់វណ្ណៈ តួនាទី ពិសេសអ្នកទោស ឬអ្នកមិនទាន់មានទោស ដែលជាប់ក្នុងពន្ធនាគារព្រៃស ក៏ចូលចិត្តទង្វើរដ៏ល្អរបស់លោក យិន គន់ ដែរ ។ ដោយចរិតឫកពាស្លូតបូត ការងារម៉ឹងម៉ាត់នោះហើយ រយៈពេល៤០ឆ្នាំ ទើបត្រូវបានថ្នាក់លើមើលឃើញ និងប្រគល់ភារកិច្ចឲ្យឡើងកាន់តែណែងជាប្រធានមណ្ឌលអប់រំកែប្រែម១ នេះ ។
ប៉ុន្តែទោះជាយ៉ាងណាក្តី លោក យិន គន់ ត្រូវបានអគ្គនាយកដ្ឋានពន្ធនាគារដំឡើងឋានន្តរស័ក្តិជាបន្តបន្ទាប់ តាំងពីមន្ត្រីកាន់សោរគុក បានឡើងជាអនុប្រធានមណ្ឌលកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១២ រហូតមកដល់ពេលនេះទើបបានឡើងជាប្រធាន ដូច្នេះមានន័យថា លោក យិន គន់ កាន់សោរគុក៤០ ឆ្នាំ បានក្លាយទៅជាប្រធានពន្ធនាគារ ៕
